34 C
Phnom Penh

រដ្ឋាភិបាលអូស្រ្ដាលីផលិតឯកសារអំពីជីវប្រវត្តិមហាក្សត្រថៃ នាំឲ្យមានការរិះគន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រថៃ វិជ្ជរ៉ាឡុងកន ធ្លាប់ជាសិស្ស និងជានិស្សិតដែលសិក្សានៅប្រទេសអូស្រ្ដាលី។ នៅទីនោះ ព្រះអង្គបានគង់រៀនសូត្រអស់រយៈពេលជាង៦ឆ្នាំ។

រដ្ឋាភិបាលអូស្រ្ដាលីកាលពីថ្ងៃទី២១ កុម្ភៈបានបញ្ចេញឯកសារប្រវត្តិសាស្រ្ដមួយ ដែលស្រង់មកផ្សាយដោយបណ្ដាញផ្សាយព័ត៌មានABCអំពីជីវប្រវត្តិរបស់ទ្រង់គង់ប្រថាប់នៅប្រទេសអូស្ត្រាលី ដែលរួមមានទិដ្ឋភាពនៃការហែក្បួន ការសិក្សា ការសោយអាហារ ការទតកម្សាន្ដ និងការបញ្ចប់ការសិក្សា។

ទោះយ៉ាងណាក៏ដោយ អ្នកអត្ថាធិប្បាយនយោបាយ និងជាអ្នកសារព័ត៌មានថៃលោក ប្រាវីត រ៉ុនចាណាប់រុក (Pravit Rojanaphruk) បានប្រាប់សាព័ត៌មាន ABC ថា បាតុករច្រើនពាន់នាក់នៅពេលនេះប្រឈមនឹងទោសដាក់ពន្ធនាគារចំនួន ១៥ឆ្នាំ ដោយសារការបរិហារកេរ្ដិ៍ព្រះមហាក្សត្រ ។

វីឌីអូឯកសារនោះមានប្រមាណជា១៨នាទី ដែលផលិតដោយស្ថានទូតអូស្រ្ដាលីប្រចាំនៅរាជធានីបាងកក ហើយក៏បានដាក់បញ្ចាំងជាពិសេស អំពីជីវប្រវត្តិរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រីដោយមានការផ្សាយនៅតាមបណ្ដាញទូរទស្សន៍ និងនៅក្នុងបរិវេណស្ថានទូតអូស្ត្រាលីប្រចាំប្រទេសថៃអស់រយៈពេលបីយប់ផងដែរ។

ស្ថានទូតបានសរសេរថា ឯកសារនោះថាជា ការចែករំលែកជីវប្រវត្តិរវាងរាជវង្សានុវង្សថៃ និងអូស្រ្ដាលីប៉ុន្ដែការចាក់បញ្ចាំងពេលនេះបែរជាទាក់ទាញការរិះគន់ទាំងនៅបាងកកទាំងនៅអូស្រ្ដាលី។

វីឌីអូឯកសារដ៏ខ្លីនេះបានផ្សព្វផ្សាយចំពេលដែលមានការ អំពាវនាវ ឱ្យមានការធ្វើកំណែទម្រង់រាជានិយមថៃ ក្នុងខណៈដែលមានយុវបាតុករជាច្រើននាក់ជាប់ឃុំខ្លួន ដោយសារករណីរិះគន់ប្រមាថអង្គព្រះមហាក្សត្រ។

លោក ប្រាវីត រ៉ុនចាណាប់រុក (Pravit Rojanaphruk) បានបន្ដថា អូស្រ្ដាលីមានទំនាក់ទំនងល្អ ជាមួយព្រះរាជាដោយសារការពិតព្រះអង្គទទួលបានការអប់រំនៅអូស្រ្ដាលីជាច្រើនឆ្នាំ ប៉ុន្ដែមិនមែនពេលនេះនោះទេ។ លោកបន្តថា អ្វីដែលរដ្ឋាភិបាលអូស្រ្ដាលីកំពុងធ្វើ គឺជាការវាយប្រហារលើឆន្ទៈរបស់បាតុករ។

លោកពន្យល់ថាចាប់តាំងពីឆ្នាំ២០២០ មក សកម្មជនកំណែទម្រង់រាជានិយម៥៩នាក់ ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះរាជា និងញាតិវង្ស។ លោកអះអាងថា ការដែលអូស្រ្ដាលីស្មានថាសង្គមនេះមានរដ្ឋាភិបាលប្រជាធិបតេយ្យឈរដើម្បីសេរីភាពនៃការបញ្ចេញមតិ គឺអូស្ត្រាលីពិតជាយល់ខុសហើយ។

អូស្រ្ដាលីអាចមានសិទ្ធិរិះគន់ព្រះមហាក្សត្រីយានី Elizabeth ទី២ បាន ប៉ុន្តែរឿងនេះមិនអាចកើតឡើងនៅប្រទេសថៃនោះទេ។ ព្រះរាជាថៃធ្លាប់បានគង់នៅអូស្រ្ដាលីរវាងឆ្នាំ១៩៧០ ដល់ឆ្នា១៩៧៦ ដោយសិក្សាពីរឆ្នាំ នៅស៊ីដនី មុននឹងផ្លាស់ទៅកាន់មហាវិទ្យាល័យយោធា ហ្លូងនៅទីក្រុងកង់បេរ៉ា។ ព្រះអង្គក៏បានហ្វឹកហាត់នឹងកងទ័ពដែនអាកាសអេលីតអូស្រ្ដាលីរយៈពេល៤ឆ្នាំ។

ឯកសារនោះបានសម្ភាសជាមួយមិត្តរួមថ្នាក់ របស់ព្រះអង្គរួមមាន អគ្គទេសាភិបាលអូស្រ្ដាលី គឺលោក David Hurley, អតីតអគ្គទេសាអភិបាលអូស្រ្ដាលី លោក Peter Cosgrove ឧត្តមសេនីយ៍ជាន់ខ្ពស់ Duncan Lewis និងជាអតីតមន្រ្ដីចារកម្មសន្ដិសុខជាតិអូស្រ្ដាលីផងដែរ។

ឧត្តមសេនីយ៍ Lewis មានប្រសាសន៍ក្នុងបទសម្ភាសថា លោកនៅចាំពេលដែលព្រះបានសិក្សានៅទីនោះជាមួយលោក និងពេលដែលលោកបានរាប់អានគ្នាជាមួយព្រះអង្គ។ នៅក្នុងបទសម្ភាសនោះ លោកPeter មានប្រសាសន៍ថា ព្រះរាជាទ្រង់ ជាបុរសវ័យក្មេងម្នាក់ដ៏ពូកែក្នុងរយៈពេលបួនឆ្នាំនោះដែលលោកបានរៀនជាមួយគ្នា។

ប៉ុន្ដែអ្នកអត្ថាធិប្បាយនយោបាយម្នាក់ឈ្មោះថា Greg Raymondមពីសកលវិទ្យាល័ជាតិអូស្រ្ដាលីបានប្រាប់ ABC ថាទំនាក់ទំនងអូស្រ្តាលីនឹងថៃគឹមានសារៈសំខាន់បំផុត ប៉ុន្តែពេលនេះវាមិនមែនជាពេលសមរម្យដែលបញ្ចេញឯកសារនៃទំនាក់ទំនងពិសេសរវាងអូស្រ្តាលីនឹងរាជវង្សថៃនោះទេ។

លោកយល់ថា ហេតុផលការទូតក្នុងការផលិតឯកសារនេះ គឺជាការបង្ហាញពីចិត្តសប្បុរសរបស់លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី Allan McKinnon និងគោលដៅនៃការពង្រឹងទំនាក់ទំនងប្រទេសតែពេលវេលាមិនជាអំណោយផលឡើយ។ ពួកគេកំពុងតែផលិតឯកសារនេះនៅក្នុងបរិបទនយោបាយ និងសង្គមរបស់កំពុងញាំញីដោយការតវ៉ាពីមហាជនជាខ្លាំង។

ពលរដ្ឋថៃជាយុវវ័យរាប់ពាន់នាក់ បានចេញមុខធ្វើការតវ៉ាចាប់តាំងពីខែកក្កដា ដើម្បីធ្វើបាតុកម្មទាមទារឲ្យមានការកែទម្រង់របបរាជានិយម និងទាមទារឲ្យលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។

បាតុកម្មនោះបានប្រព្រឹត្តទៅក្នុពេលដែលប្រទេសនេះមានករណីកូវីដ១៩យ៉ាងសម្បើមផងដែរ។ លោកសាស្រ្ដាចារ្យ Raymond ថ្លែងថាលោកមានការព្រួយបារម្ភថាបាតុករនឹងរងនូវបទចោទបន្ថែមទៀតក្រោមច្បាប់ព្រហ្មទណ្ឌដែលចែងអំពីការប្រមាថអង្គព្រះមហាក្សត្រ ។

ភាពយន្តឯកសារនេះជាកំណត់ហេតុប្រវត្តិសាស្រ្តនៃការសិក្សានិងបណ្តុះបណ្តាលរយៈពេល ៦ ឆ្នាំរបស់មហាក្សត្រថៃនៅប្រទេសអូស្ត្រាលីនិងបង្ហាញពីការផ្សាភ្ជាប់គ្នាតែមួយរវាងប្រទេសថៃនិងអូស្ត្រាលី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស