31 C
Phnom Penh

អាជ្ញាធរថៃដោះលែងមេបាតុករ៨នាក់ឱ្យមានសេរីភាព ខណៈនាយករដ្ឋមន្ត្រី សុំអោយមានការឯកភាពជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការព្រហ្មទណ្ឌថៃនៅថ្ងៃទី១៦កុម្ភៈនេះបានសម្រេចដោះលែងសកម្មជនគាំទ្រប្រជាធិបតេយ្យថៃ ចំនួន៨នាក់ ដែលជាមេបាតុករ ស្របពេលដែលរលកបាតុកម្មនៅថៃ កំពុងកំរើកឡើងវិញ។

កាសែតបាងកកប៉ុស្ដិ៍របស់ថៃបានចុះផ្សាយថា ក្រុមបាតុករទាំង៨នាក់នោះត្រូវបានចាប់ខ្លួននៅថ្ងៃទី១៣ ខែកុម្ភៈក្នុងពេលដែលពួកគាត់ដឹកនាំបាតុកម្មគាស់រំលើងឱ្យមានបាតុកម្មឡើងវិញតំណាលគ្នានៅនឹងប្រទេសភូមាជាប្រទេសជិតខាង ដែលកំពុងផ្ទុះបាតុកម្មយ៉ាងខ្លាំងប្រឆាំងរបបរដ្ឋប្រហារ ។

មនុស្សទាំងប្រាំបីនាក់នោះគឺជាមេបាតុករ នៃក្រុមយុវជនវ័យក្មេងប្រឆាំងនឹងរដ្ឋាភិបាល របស់លោក ប្រាយុទ្ធចាន់អូចា ។ ពួកគេ ប្រឈមនឹងការចោទប្រកាន់ពីបទបំពានច្បាប់ជួបជុំសាធារណៈ និង អនុក្រឹត្យដាក់ប្រទេសក្នុងគ្រាអាសន្ននៃជំងឺកូវិដ។

មនុស្សទាំង៨នាក់នោះត្រូវបានប៉ូលីសបានបើកការស៊ើបអង្កេតនៅថ្ងៃទី១៤កុម្ភៈ ហើយក្រោយពីចប់រយៈពេលនៃការឃាត់ខ្លួន៤៨ម៉ោង គឺ តុលាការនៃប្រទេសនេះសម្រេចចេញដីកាដោះលែងឱ្យពួកគេមានសេរីភាពនៅក្រៅឃុំ។ 

ទោះជាយ៉ាងនេះក្ដី សាលាឧទ្ធរណ៍នៃរាជាណាចក្រនេះបានបដិសេធបណ្ដឹងសុំឱ្យមានការដោះលែងមេបាតុករបួនរូបផ្សេងទៀតដែលមកពីក្រុម Ratsadon មានដូចជាលោក ផារីត ឆីវ៉ារ៉ាក់ (Parit Chiwarak), Arnon Nampa, លោក ផាធីផាន លូឆា (Patipan Luecha) និង លោក សមយុទ្ធ ប្រឹក្សា កាសែមស៊ុក (Somyot Phrueksakasemsuk) ។

ចំពោះបទចោទក្រុមបាតុករទាំងបួននាក់នេះគឺមានភាពធ្ងន់ធ្ងរជាងបាតុករ៨នាក់នោះ។ ពួកគេអាចប្រឈមនឹងការកាត់ទោស១៥ឆ្នាំពីបទប្រមាថព្រះមហាក្សត្រ និងការញុះញង់បង្កវិទ្ធង្សនាដល់សង្គម។ សេចក្តីសម្រេចដែលត្រូវបានអាននៅឯតុលាការព្រហ្មទណ្ឌក្រុងបាងកកបានបដិសេធការដោះលែងអ្នកទាំង៤រូបនេះ ដោយនិយាយថាបទល្មើសរបស់ពួកគេបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះស្ថាប័នរាជានិយមហើយបទចោទប្រកាន់ប្រឆាំងពួកគេមានទោសធ្ងន់ធ្ងរ។

ចំពោះ មាត្រា១១២ គឺជាមាត្រាដែលការពារព្រះមហាក្សត្រថៃ ដោយដាក់ទោសយ៉ាងធ្ងន់ធ្ងរដល់ជនណាដែលហ៊ានបំពាន ប្រមាថ គ្រប់រូបភាពលើស្ថាប័នព្រះបរមរាជវាំង។ បែបណាក៏ដោយ ក្រុមបាតុករបានប្រកាសថា បើសិនជាគ្មានការដោះលែងមេបាតុកររបស់ពួកគេទាំង៤រូបនេះទេ គឺនៅថ្ងៃ ២០ ខែកុម្ភៈខាងមុខនេះទេ នោះនឹងមានបាតុកម្មទ្រង់ទ្រាយធំម្ដងទៀត។

ការជួបជុំគ្នាដ៏ធំមួយរបស់បាតុករ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននៅឯវិមានប្រជាធិបតេយ្យ គឺដើម្បីទាមទារអោយលុបចោលច្បាប់ប្រឆាំងការប្រមាថស្តេច និងដោះលែងសមាជិកចលនាប្រឆាំងតវ៉ានេះ៤នាក់ដែលត្រូបប៉ូលិសចាប់ខ្លួនបន្ទាប់ពីរងការចោទប្រកាន់។

ចំពោះចំណាត់ការក្រុមប៉ូលីសវិញ ស្នងការប៉ូលីសថៃគឺលោក ស៊ូវ៉ាត់ ចាងយោស៊ុក (Suwat Jangyodsuk)  និយាយថាចំពោះការប្រមូលផ្តុំគ្នានៅចុងសប្ដាហ៍នេះគឺនឹងមិនអាចនិយាយបានទេថាតើមានប៉ូលិសប៉ុន្មាននាក់ដែលនឹងត្រូវបានចាត់តាំងឱ្យទៅការពារសន្ដិសុខ។

បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍កាលពីថ្ងៃច័ន្ទលោកនាយករដ្ឋមន្រ្តីប្រាយុទ្ធចាន់អូចាមានប្រសាសន៍ថាការប្រើប្រាស់អំពើហឹង្សានឹងបណ្តាលឱ្យមានការបង្ហូរឈាមកាន់តែច្រើនដែលនឹងអាក្រក់សម្រាប់ប្រទេសទាំងមូល។

ដោយឡែកលោក Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តីបានបន្ថែមលើប្រសាសន៍លោកប្រាយុទ្ធាអាជ្ញាធរតែងតែអនុវត្តតាមច្បាប់ក្នុងការធ្វើការដើម្បីធានានូវសន្តិសុខខ្ពស់បំផុតសម្រាប់សាធារណៈជនដោយបន្ថែមថាពួកគេមានកាតព្វកិច្ចក្នុងការថែរក្សាភាគីទាំងអស់។

ទាក់ទងនឹងការកើនឡើងនៃការទាមទារឱ្យមានការដោះលែងមេដឹកនាំបាតុកម្មសំខាន់ៗលោកឧត្តមសេនីយ៍ប្រាវីតមានប្រសាសន៍ថាបញ្ហានេះអាស្រ័យលើតុលាការក្នុងការសំរេចឆន្ទានុសិទ្ធិរបស់ចៅក្រម។

កាសែតបាងកកប៉ុស្តិបន្តចុះផ្សាយថា លោកប្រាយុទ្ធ បានចេញសេចក្ដីថ្លែងការណ៍ខ្លីមួយដោយសុំអោយមាន ការឯកភាពជាតិសិន ព្រោះ ពេលនេះ ប្រទេសត្រូវការកម្លាំងដើម្បី ស្ដារសេដ្ឋកិច្ចឡើងវិញ ព្រោះតែញាំញីដោយជំងឺរាតត្បាតលកូវិដ -១៩។ តាមប្រភពដដែលនេះ លោកបា្រយុទ្ធដែលប្រឈមនឹងការធ្វើបាតុកម្មទម្លាក់ពីអំណាច បានសន្យាថា លោកព្យាយាមដោះស្រាយ បញ្ហារបស់ប្រទេសជាតិ ដោយរួមការទាមទាររបស់បាតុករផងដែរ។

អ្នកសសង្កេតារណ៍មើលឃើញថាបាតុកម្មរបស់ប្រជាជនថៃគឺជាការទទួលយកឥទ្ធិពលពីបាតុកម្មដែលកំពុងផ្តុះឡើងនៅប្រទេសភូមាទាមទារឱ្យពួករដ្ឋប្រហារទម្លាក់អំណាចរបស់ខ្លួនទៅឱ្យគណបក្សរបស់ អ្នកស្រីអុងសានស៊ូជីវិញ។

បាតុករនៅភូមាផ្ទុះឡើងជាង១០ថ្ងៃមកហើយ គឺពុះកញ្ជ្រោលជាខ្លាំងទៅះបីជាពួកយោធាចេញបម្រាមគោចរក៏ដោយនោះ។ អ្នកសង្កេតការណ៍អះអាងថាតំបន់អាស៊ីអាគ្នេយ៍កំពុងងើបឡើងរបស់អ្នកប្រជាធិបតេយ្យហើយនៅពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស