28.4 C
Phnom Penh

សន្ទុះបាតុកម្មប្រឆាំងពួកយោធាភូមា បន្តពុះកញ្ជ្រោល ខណៈអាមេរិកសម្រេចដាក់ទណ្ឌកម្មលើរបបរដ្ឋប្រហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បាតុកម្មរបស់ប្រជាជនភូមា ប្រឆាំងរបបរដ្ឋប្រហាររបស់ពួកយោធា បានបន្តចូលដល់ថ្ងៃទី៦ហើយ នៅថ្ងៃទី១១កុម្ភៈនេះ ដោយមានភាពពុះកញ្ជ្រោល ទោះជា ពួកយោធា បានចេញបំរាម គោចរណ៍ មិនអោយមានការប្រមូលផ្ដុំក៏ដោយ។

គោលដៅរបស់ក្រុមបាតុករគឺទាមទារអោយដោះលែង មន្ត្រី ទាំងអស់របស់គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ ដែលក្នុងនោះមានទាំងអ្នកស្រី អ៊ុងសានសូជី ដែលជាប្រធានបក្សផងដែរ។ ពួកយោធា បានធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១កុម្ភៈ គឺជាការរំលាយ លទ្ធផលបោះឆ្នោត នៃជ័យជម្នះរបស់ គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យដែលបានឈ្នះភ្លូកទឹកភ្លូក គឺឈ្នះបានជាង៨៣%។

កាលពីយប់ថ្ងៃអង្គារទី៩កុម្ភៈ ពួកយោធាបានវាយឆ្មក់ចូលទៅឆេកឆេរនិងរឹបអូសទ្រព្យសម្បត្តិរបស់ គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ នៅស្នាក់ការរបស់គណបក្សនេះនៅ ទីក្រុងយ៉ាំងហ្គោន ។ ហេតុការណ៍នេះ បាននាំអោយ អ្នកគាំទ្រ គណបក្ស  បានបន្តធ្វើបាតុកម្មយ៉ាងពុះគកញ្ជ្រោល នៅថ្ងៃនេះ ។

បាតុករបានស្រែកព្រមៗគ្នាថា យើងមិនទៅកន្លែងធ្វើការទេ គឺយើង ត្រូវ ប្រមូលគ្នា ប្រឆាំងពួករដ្ឋប្រហារ ព្រោះពួករដ្ឋប្រហារ សម្លាប់ឆន្ទៈរបស់ពួកយើង។

តាមសេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ទោះជាក្រុមយោធា គំរាមវាយបង្រ្កាបធ្ងន់ធ្ងរក៏ដោយ ក៏ពលរដ្ឋភូមា ដែលមកពីគ្រប់និន្នាការ នៅបន្តដើរក្បួន យ៉ាងសកម្មនិង ខ្លាំងក្លា ចូលដល់ថ្ងៃទី៦ហើយ។ គិតមកដល់ថ្ងៃនេះ បាតុករ រងរបួស ចំនួន៦នាក់ ដោយការវាយបង្រ្កាបពីសំណាក់ប៉ូលិស និងជិត២០ត្រូវបានចាប់ខ្លួន។

ស្របពេលដែល បាតុកម្មកំពុងមានភាពខ្លាំងក្លា ហើយរងការវាយបង្រ្កាប ពីពួកយោធា  ពីទីក្រុងវ៉ាស៊ីនតោនឯណោះវិញ រដ្ឋការរបស់ប្រធានាធិបតី អាមេរិក ចូលបៃដិន កាលពីថ្ងៃទី១០ ខែកុម្ភៈ បានសម្រេច  ដាក់ទណ្ឌកម្មលើរបបរដ្ឋប្រហារ  ហើយកំពុងពិចារណាផ្អាកការផ្ដល់ជំនួយ ទាំងអស់របស់អាមេរិកសម្រាប់ ប្រទេសភូមា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន លោក ចូ បៃដិន បានប្រកាសពីការដាក់ទណ្ឌកម្មប្រឆាំងមេដឹកនាំយោធា ភូមា ដោយការបង្កកទ្រព្យសម្បត្តិ និងក្រុមហ៊ុនពាក់ព័ន្ធនឹងពួកយោធា។ លោកបៃដិន បានប្រាប់ទៅ ពួកយោធា អោយប្រគល់អំណាចទៅឱ្យរដ្ឋាភិបាលស៊ីវិលរបស់អ្នក ស្រី អ៊ុង សាន ស៊ូជី វិញ ។

តាមទីភ្នាកងារសារព័ត៌មាន Reuters លោក ចូ បៃដិន និងរដ្ឋការរបស់លោក កំពុងកាត់ផ្ដាច់ក្រុមគ្រួសាររបស់មេដឹកនាំយោធាភូមា មិនឱ្យដក ឬចូលទៅកាន់មូលនិធិប្រមាណ ១ពាន់លានដុល្លារ ដែលកំពុងតម្កល់ទុកនៅក្នុងសហរដ្ឋអាមេរិក ហើយបានប្រកាសថាទណ្ឌកម្មថ្មីៗ បន្ថែមទៀត នឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។

តាមប្រភពដដែលនេះ លោកបៃដិន បានអំពាវនាវឱ្យយោធាភូមា ដោះលែងទាំងអស់មន្ត្រីគណ បក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ អ្នកនយោបាយ និងសកម្មជនប្រជាធិបតេយ្យ ដែលកំពុងជាប់ឃុំក្នុងនោះរួមមានអ្នកស្រី ស៊ូជី និងលោកប្រធានាធិបតី Win Myint  ។

នៅថ្ងៃទី១២ ខែកុម្ភៈ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ត្រូវបើកសម័យប្រជុំពិសេសរបស់ខ្លួន តាមសំណើរបស់ ប្រទេសអង់គ្លេស និង សហភាពអឺរ៉ុប មាន២៧ប្រទេស។ 

ការប្រជុំពិសេសនេះ គឺត្រូវរក សំឡេងមូលមតិគ្នាដើម្បីចេញសេចក្ដីថ្លែងការណ៍រួមជាលើកដំបូងថ្កោលទោស របបរដ្ឋប្រហារនៅភូមា ហើយនឹងបញ្ជូនសារទៅកាន់ ក្រុមប្រឹក្សាសន្តិសុខ ដែលថា ត្រូវ ដំឡើងសំឡេងប្រឆាំងពួកយោធាភូមា។

អ្នកសង្កេតការណ៍កំពុងរង់ចាំមើលថាតើតំណាងប្រទេសចិន នៅក្រុមប្រឹក្សាសិទ្ធិមនុស្សមានប្រតិកម្មដូចម្ដេច បើមានសេចក្ដីថ្លែងការណ៍ថ្កោលទោស ពួកយោធា ព្រោះតែនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ គឺតំណាងប្រទេសចិនជាអ្នករាំងខ្ទប់ មិនមានការចេញសេចក្ដីថ្លែងការណ៍រួមថ្កោលទោស ពួកយោធាភូមា។

ចិន ត្រូវបាន សង្ស័យថា នៅពីក្រោយរដ្ឋប្រហាររបស់ពួកយោធាភូមា ព្រោះចិននៅពេលនេះ កំពុងដណ្ដើមឥទ្ធិពល នយោបាយក្នុងតំបន់អាស៊ានជាមួយអាមេរិក  ប្រទេសឥណ្ឌា និងជប៉ុន។ ទាំង ឥណ្ឌា និងជប៉ុន បានសន្យារួចហើយថា នឹងនៅជាមួយសហរដ្ឋអាមេរិកដើម្បីប្រឆាំងនឹងក្រុមរដ្ឋប្រហាររបស់ពួកយោធាភូមា ហើយប្តេជ្ញាថានឹងមិនអនុញ្ញាតឲ្យពួកយោធាបន្តគ្រប់គ្រង ប្រទេសភូមាបានទៀតឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស