28 C
Phnom Penh

ទស្សនៈ៖ ព្រះរាជតួនាទីរបស់ព្រះមហាក្សត្រខ្មែរ ពាក់ព័ន្ធសមាជជាតិ និងសវនាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រមិនអាចបំពេញតួនាទីលោកជាព្រះអធិបតីនៃសមាជជាតិទេ ដោយសារស្ថាប័នមួយនេះមិនទាន់មានជាក់ស្តែងនៅឡើយ បង្កើតមិនទាន់បានជិត៣០ឆ្នាំក្រោយរដ្ឋធម្មនុញ្ញត្រូវបានប្រកាសឲ្យប្រើ ។

  សមាជជាតិជាស្ថាប័នមានលក្ខណ:ប្រជាធិបតេយ្យជាងស្ថាប័នជាតិឯទៀតទាំងអស់ដោយប្រជាពលរដ្ឋអាចចូលរួមក្នុងជីវភាពនយោបាយរបស់ប្រជាជាតិដោយផ្ទាល់ ។ នៅពេលប្រជុំសមាជជាតិ ម្ចាស់អំណាច គឺប្រជាពលរដ្ឋខ្មែរ យកអំណាចរបស់ពួកគេមកប្រើវិញ ដើម្បីទទួលពត៌មានអំពីកិច្ចការផ្សេងៗដែលជាប្រយោជន៍ជាតិ និងលើកបញ្ហានិងសំណូមពរជូនអាជ្ញាធរ គឺរដ្ឋាភិបាល ដោះស្រាយ ។ សភានិងរដ្ឋាភិបាលត្រូវទទួលយកសំណូមពរដែលសមាជអនុម័តទៅពិចារណា ។

  នេះគឺមានន័យថា ម្ចាស់អំណាចទាំងនោះត្រួតពិនិត្យការប្រើប្រាស់អំណាចនេះមួយឆ្នាំកន្លងមក ដើម្បីត្រួតពិនិត្យគណនីយភាពរបស់អ្នកដឹកនាំប្រទេសដែលពួកគេបានប្រគល់អំណាចនោះឲ្យទៅប្រើប្រាស់ដើម្បីបម្រើ ការពារ រកប្រយោជន៍ជូនពួកគេនិងជូនជាតិទាំងមូល ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់ឯទៀតដែលតំណាងឲ្យឆន្ទ:របស់ពួកគេ ។ អ្នកប្រើប្រាស់អំណាចរបស់ពួកគេនិងក្នុងនាមពួកគេ ត្រូវរាយការណ៍ជូនពួកគេថា បានសម្រេចសមិទ្ធិផលអ្វីខ្លះនិងបានកម្រិតត្រឹមណា ហើយជួបការលំបាកអ្វីខ្លះ ។

   បន្ថែមពីគណនីយភាព សមាជាតិក៏ជាវេទិកាសម្រាប់ឲ្យម្ចាស់អំណាចផ្តល់គំនិត ការណែនាំ ឲ្យអ្នកប្រើប្រាស់អំណាចរបស់ពួកគេ ថាគួរធ្វើអ្វីខ្លះថែមទៀត សម្រាប់ បម្រើ ការពារ រកប្រយោជន៍ជូនពួកគេនិងជូនជាតិ ។ ក្នុងន័យនេះ ហើយបើគេប្រើប្រាស់បច្ចេកវិជ្ជារៀបចំឲ្យមានការចូលរួមអនឡាយ – online – ឲ្បប្រជាពលរដ្ឋចូលរួមពីចម្ងាយបានមិនបាច់មកកុមគ្នាបាន នោះសមាជជាតិនឹងទៅជាវេទិកាសម្រាប់ការប្រស្រ័យទាក់ទងសន្ទនាគ្នារវាងម្ចាស់អំណាចនិងអ្នកសុំអំណាចបានពីម្ចាស់ទាំងនោះ ។ អ្នកបានអំណាចទាំងនោះអាចយកវេទិកានេះធ្វើយុទ្ធនាការពង្រឹងនិងទាក់ទាញការគាំទ្រពីម្ចាស់អំណាចថែមទៀត ។

  សមាជជាតិក៏ជាសាលាមួយដ៏ល្អសម្រាប់បណ្តុះបណ្តាលឲ្យប្រជាពលរដ្ឋមានគំនិតនិងប្រមូលគំនិតទាំងនោះ ។ តាមរយ:ការងារនេះ សមាជជាតិនឹងពង្រឹងភាពជាពលរដ្ឋ – citizenship – ភាពជាជាតិមួយរួមគ្នា –   nationhood – និងពង្រឹងសេចក្តីស្នេហាជាតិ – patriotism – របស់ពួកគេ  ព្រោះម្នាក់ៗមានចំណែកក្នុងកិច្ចការសាធារណ: ក្នុងការតាក់តែងវាសនាអនាគតជាតិរបស់គេ ។

  ចំពោះអ្នកយល់ដឹងនិងឲ្យតម្លៃដល់សិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋ និងឈរលើមូលដ្ឋាននៃបទពិសោធន៍របស់សមាជជាតិពីអតីតកាល សមាជាតិជាមហាកំផែងដ៏រឹងមាំបំផុតសម្រាប់ការពារ ខាឃាំង ប្រឆាំងអំណាចផ្តាច់ការកុំឲ្យឈានចូលមកឈ្លានពានប្រជាជាតិខ្មែរ ។

. សវនាការ

  ការខ្វះខាតមួយទៀតដែលគួរឲ្យលើកឡើងដែរ គឺការខ្វះខាតក្នុងការរៀបចំឲ្យមានសវនាការជាប្រក្រតីពីរដងក្នុងមួយខែ ដើម្បីឲ្យនាយករដ្ឋមន្ត្រីនិងគណ:រដ្ឋមន្ត្រីទូលថ្វាយឲ្យព្រះអង្គបានជ្រាបអំពីស្ថានភាពប្រទេសជាតិ។ គេឃើញមានផ្សាយសវនាការនេះជាសាធារណ:មួយរយ:ពេល ក្រោយព្រះមហាក្សត្របច្ចុប្បន្នឡើងគ្រងរាជ្យ ។ តែក្រោយៗមកទៀត ដូចជាអត់ឃើញមានផ្សាយជាសាធារណ:  ឬក៏អត់មានក៏មិនដឹង ។

  សនវនាការនេះជាយន្តការទំនាក់ទំនងឬវេទិកាជួបប្រជុំដ៏សំខាន់ និងដ៏មានន័យជាងគេបំផុតរវាងព្រះមហាក្សត្រនិងអំណាចទាំងបីដែលគ្រប់គ្រងប្រទេស ។ យន្តការឬវេទិការ អាចជាឱកាសពិភាក្សាមិនត្រឹមតែអំពីស្ថានភាពក្នុងប្រទេសជាតិណ្ណោះទេ តែថែមទាំងអំពីជីវភាពរស់នៅនិងសុខមាលភាពរបស់ប្រជាពលរដ្ឋ ដែលព្រះអង្គ មានព្រះរាជសិទ្ធិខ្លះនិងតួនាទីករណីយកិច្ចនិងការទទួលខុសត្រូវ ចូលរួមចំណែកទ្រទ្រង់និងលើកស្ទួយ ហើយនិងពិភាក្សាអំពីព្រះរាជសិទ្ធិនិងតួនាទីរបស់ព្រះមហាក្សត្រ ។

  ដោយសារមិនបានដឹងថាមានសវនាជាប្រក្រតី គេក៏មិនអាចសន្និដ្ឋានថា គ្មានការពិភាក្សាអំពីព្រះរាជសិទ្ធិនិងតួនាទីរបស់លោកឬទេ ។ បើទោះជាមានការពិភាក្សា ក៏ដូចជាមិនមានលទ្ធផលវិជ្ជមានពង្រឹងព្រះរាជ្យសិទ្ធិនិងតួនាទីរបស់ព្រះអង្គ ដែលអាចចេញជាព្រះរាជសកម្មភាពជាក់ស្តែងនិងការសម្រេចបាន ។

 តាមអ្វីដែលអាចដឹងបានជាសាធារណ: ដូចជាមានតែព្រះរាជសិទ្ធិតែងតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញដែលោកអាចប្រើប្រាស់ទាំងស្រុង និងអធិបតីភាពជានិមិត្តរូបនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលមានជាក់ស្តែង តែប៉ុណ្ណោះ ។ ក្រៅពីនេះ ព្រះរាជសិទ្ធិបន្ធូរបន្ថយទោសនិងលើកលែងទោស គឺលែងមានសម្រាប់ព្រះមហាក្សត្រទៀតឡើយ ព្រោះអាស្រ័យលើប្រមុខរដ្ឋាភិបាលស្នើឬមិនស្នើសុំទាំងស្រុង ។ រីឯតួនាទីព្រះអង្គ  ក៏ដូចជាអត់ឃើញលេចចេញជាសកម្មភាពនិងលទ្ធផលជាក់ស្តែង (លើកលែងសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យមើលធម្មនុញ្ញសិទ្ធិកុមារមួយករណីប៉ុណ្ណោះ) ។ ហេតុអ្វីបានជាមិនឃើញសកម្មភាព និងលទ្ធផលជាក់ស្តែងយ៉ាងដូច្នេះ?

ទាំងនេះជាទស្សនៈទាំងស្រុងរបស់អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ ។

យើងខ្ញុំនឹងជម្រាបជូននូវភាគបន្តទៀត អំពីព្រះរាជតួនាទីរបស់ព្រះមហាក្សត្រខ្មែរ។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស