29.3 C
Phnom Penh

លិខិតជូនការីនិពន្ធ៖ សុក្រឹតភាពនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋអាមរិក គឺជាប្រទេសបិតាប្រជាធិបតេយ្យ ដែលក្នុងរយៈពេលជាង ២០០ឆ្នាំ មកនេះបានផ្តល់ជាគំរូយ៉ាងល្អ ដល់បណ្តាប្រទេសនានាក្នុងលោក លើបញ្ហាប្រជាធិបតេយ្យ ការបោះឆ្នោត និងសិទ្ធិមនុស្សជាដើម។

ជាការពិតណាស់ ដំណើរការប្រជាធិបតេយ្យនេះ មិនល្អឥតខ្ចោះ១០០ %នោះទេ ប៉ុន្តែវាជាដំណើរការមួយ ដែលធ្វើឲ្យសហរដ្ឋអាមេរិក ទទួលបានការកោតសរសើរ ពីបណ្តាប្រទេសនានា លើសកលលោក ជាពិសេសក្នុងចំណោមប្រទេសប្រជាធិបតេយ្យ។

លើសពីនេះទៅទៀត សហរដ្ឋអាមរិក ជាប្រទេសតែមួយគត់ដែលមិនមានការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ តាំងតែពីការកកើតប្រទេសជារដ្ឋសហព័ន្ធ ចាប់តាំងពីឆ្នាំ1787 មក ហើយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទៀតសោត ក៏មានតែចំនួន ២៧លើកប៉ុណ្ណោះ ក្នុងរយៈពេល ២៣០ឆ្នាំ មកនេះ។

នេះសបញ្ជាក់ឲ្យឃើញថា សហរដ្ឋអាមេរិក ជាប្រទេសដែលមានការផ្លាស់ប្តូរអំណាចប្រកបដោយសន្តិវិធី ក្នុងក្របខ័ណ្ឌដ៏ពេញលេញនៃដំណើរការប្រជាធិបតេយ្យ។

ក្នុងឆ្នាំ 2020 នេះ ដំណើរការប្រជាធិបតេយ្យនៃសហរដ្ឋអាមេរិក និយាយជារួម ហើយបើនិយាយដោយចំ គឺជាដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតី តែម្តង ទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំង និងរង់ចាំតាមដានដោយយកចិត្តទុកដាក់ ទាំងពីបណ្តាប្រទេសជាសម្ព័ន្ធមិត្ត ក៏ដូចជាប្រទេសជាបច្ចាមិត្ត ព្រមទាំងពីអ្នកចាំសាទរ និងអ្នកចាំចំអក់ឡកលើយ ដោយសារថា បេក្ខជនលោក Donald Trump ធ្វើឲ្យបរិយាកាសនៃការប្រកួត ខុសពីបទដ្ឋាន (Norm) នៃការប្រកួតនាពេលកន្លងមក។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ដំណើរការប្រជាធិបតេយ្យ គឺការបោះឆ្នោតនៅសហរដ្ឋអាមេរិក នៅតែប្រកបភាពដោយសុក្រឹតភាព និងរឹងមាំ ទៅតាមការចែងរបស់រដ្ឋធម្មនុញ្ញ ច្បាប់នានារបស់សហព័ន្ធ និងច្បាប់នៃរដ្ឋនីមួយៗ ទាំង៥០រដ្ឋ ។

សុក្រឹតភាពនេះ គឺដោយសារអ្វីៗទាំងអស់ផ្អែកលើច្បាប់។ ទាំងច្បាប់នៃការបោះឆ្នោត ទាំងសិទ្ធិនៃការបញ្ចេញមតិ សុទ្ធតែត្រូវបានធានា។

អ្នកដែលរំលោភច្បាប់ ទាំងបូលិស ទាំងជនស៊ីវិល នឹងត្រូវប្រឈម ចំពោះមុខច្បាប់។ ច្បាប់នៅសហរដ្ឋអាមេរិក មិនមែនជាច្បាប់តាមទំនើងចិត្តនោះទេ ហើយក៏គ្មានមេដឹកនាំណាម្មាក់នៅពីលើច្បាប់ ហើយចង់តាក់តែងច្បាប់តាមទំនើងចិត្តនោះដែរ។

នីតិវិធីនៃការតាក់តែងច្បាប់ និងអនុវត្តច្បាប់ ត្រូវបានធានាដោយអំណាចរដ្ឋទាំងបី គឺនិតិបញ្ញត្តិ និតិប្រតិបត្តិ និងតុលាការ។ លើកិច្ចការបោះឆ្នោត សហរដ្ឋអាមេរិក មានស្ថាប័នជាតិជាអចិន្ត្រៃយ៏ ដើម្បីដំណើរការបោះឆ្នោត ត្រួតពិនិត្យ និងវាយតម្លៃការបោះឆ្នោត។ ទីមួយ គឺគណៈកម្មការបោះឆ្នោតសហព័ន្ធ (Federal Election Commission) ដែលជាស្ថាប័នឯករាជ្យ ដើម្បីអនុវត្តច្បាប់ហិរញ្ញវត្ថុនៃយុទ្ធនាការឃោសនាបោះឆ្នោត។

និយាយដោយចំ គឺត្រួតពិនិត្យការចំណាយលើការឃោសនាបោះឆ្នោតនៃគណបក្សនយោយបាយនីមួយៗ បេក្ខជននីមួយៗ និងស្ថាប័នពាក់ព័ន្ធ។ ទីពីរ គឺស្ថាប័នរៀបចំការបោះឆ្នោតនៅតាមរដ្ឋនីមួយៗ ដែលជាស្ថាប័នដើរតួនាទីយ៉ាងសំខាន់ ក្នុងការរៀបចំការបោះឆ្នោត។

នៅគ្រប់រដ្ឋទាំងអស់ Secretary of State នៃរដ្ឋនីមួយៗ គឺជាស្ថាប័នអចិន្ត្រៃយ៏របស់រដ្ឋ ដំណើរការពេញមួយឆ្នាំ ហើយរៀងរាល់ឆ្នាំ ព្រមទាំងមានការត្រួតពិនិត្យពីលើ ដោយអភិបាលរដ្ឋ រដ្ឋសភា ព្រឹទ្ធសភា ឬ គណៈកម្មការប្រជាជន នៃរដ្ឋនីមួយៗទាំងនោះ។

មួយកំរិតចុះមកទៀត គឺនាយកដ្ឋានកិច្ចការបោះឆ្នោត (អាចនិយាយថាផ្នែកកិច្ចការបោះឆ្នោត) នៅតាម County ទាំងអស់ចំណុះឲ្យរដ្ឋនីមួយ ៗ។ (County បើនៅស្រុកខ្មែរយើង ហៅថាស្រុក) ។ ផ្នែកបោះឆ្នោតនៃ County នីមួយៗ ធ្វើការពេញមួយឆ្នាំ ហើយរៀងរាល់ឆ្នាំ អនុញ្ញាតឲ្យពលរដ្ឋអាចចុះឈ្នោះបោះឆ្នោត បានគ្រប់ពេលវេលា។

នៅរៀងរាល់ពេលបោះឆ្នោត County នេះហើយមានតួនាទីសំខាន់ក្នុងការរាប់សន្លឹមឆ្នោត ហើយការរាប់ឆ្នោតគឺដំណើរការដោយប្រព័ន្ធម៉ាស៊ីន ក្រោមការចាត់ចែងនៃមន្ត្រីមុខងារសាធារណៈ និងក្រោមការឃ្លាំមើលនៃអ្នកពាក់ព័ន្ធ។ នេះសឲ្យឃើញថាដំណើរការនេះធានាបាននូវសុក្រឹតភាពនៃការបោះឆ្នោត។ ប៉ុន្តែទោះបីជាយ៉ាងណា ច្បាប់ក៏នៅអនុញ្ញាតឲ្យភាគីនិមួយៗ មានសិទ្ធិប្តឹងតវ៉ា ដើម្បីធានាអំពីសុក្រឹតភាពនៃលទ្ធផលពីការបោះឆ្នោត។

ដូច្នេះរាល់សកម្មភាពណាក៏ដោយ ដែលធ្វើឡើងដោយអនុលោមតាមច្បាប់ ដែលមានគតិយុត្តិធម៌ គឺជាដំណើរការនៃលិទ្ធិប្រជាធិបតេយ្យ (ច្បាប់តាមគតិយុត្តិធម៌ ខុសពីច្បាប់តាមទំនើងចិត្តនៃអ្នកមានអំណាចណាម្មាក់)។

ម៉្យាងវិញទៀត បើទោះជាមានបាតុកម្មដោយអហិង្សា ដើម្បីតវ៉ាប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត ក៏វានៅតែជាដំណើរការប្រជាធិបតេយ្យ ពីព្រោះរដ្ឋធម្មនុញ្ញនៃសហរដ្ឋអាមេរិក បានធានាយ៉ាងច្បាស់ អំពីសិទ្ធិនៃការបញ្ចេញមតិ សិទ្ធិនៃការជួបប្រជុំសម្តែងមតិ និងសិទ្ធិសំខាន់ដ៏ទៃទៀត។

ក្នុងករណីហឹង្សាកើតឡើង ប៉ូលិសនឹងបង្រ្កាប ហើយការបង្ក្រាប ក៏មិនចេះតែធ្វើតាមទំនើងចិត្តដែរ។ ប៉ូលិសណាធ្វើហួសពីការកំណត់នៃច្បាប់ នឹងទទួលទោស។ នៅសហរដ្ឋអាមេរិក មន្ត្រីប៉ូលិស ដែលបំពានច្បាប់ មិនរួចទោសទេ ហើយក៏ដូចគ្នាសម្រាប់ជនស៊ីវិលដែរ។ ដូច្នេះ សរុបមក ដំណើរការប្រជាធិបតេយ្យ នៅសហរដ្ឋអាមេរិក នៅតែមានស្តង់ការខ្ពស់។

បើទោះបីជាពេលនេះ លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី មិនទាន់បានរាប់ចប់រួចរាល់ក៏ដោយ ក៏ដំណើរការរាប់សន្លឹកបានបន្តទៅមុខ ដើម្បីធានាថាសម្លេងដែលបានបញ្ចេញ ត្រូវតែបានឮ ជាមួយនឹងការត្រួតពិនិត្យ និងការឃ្លាំមើលដោយហ្មត់ចត់បំផុត ហើយការប្តឹងតាមនីតិវិធីនៃច្បាប់ ដើម្បីបញ្ជាក់អះអាងពីសុក្រឹតភាព ក៏មិនមែនជាទង្វើផ្ទុយពីក្របខ័ណ្ឌប្រជាធិបតេយ្យនោះដែរ។ ដូច្នេះលទ្ធផលផ្លូវការ នឹងចេញក្នុងពេលឆាប់ៗនេះ ប្រកបដោយស្តង់ការប្រជាធិបតេយ្យ៕

សូមបញ្ជាក់ថា ទស្សនៈក្នុងអត្តបទជូនការីនិពន្ធដែលរៀបរាងដោយលោក ប៉ែន សង្ហា មិនបានឆ្លុះបញ្ចាំងទស្សនៈរបស់សាព័ត៌មាន The Cambodia Daily នោះទេ។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស