37 C
Phnom Penh

ថវិកាសប្បុរសជនសម្រាប់ជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់កើនឡើងជិត១០លានដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខរដ្ឋាភិបាល បានឱ្យដឹងថា ជំនួយសប្បុរសជនជាថវិការ ដែលបានផ្តល់ជូនរដ្ឋាភិបាល សម្រាប់យកទៅប្រើប្រាស់ជួយដល់ជនរងគ្រោះដោយទឹកជំនន់បានកើនឡើងជិតដល់១០លានដុល្លារសហរដ្ឋអាមេរិក។ ថវិការនេះបានកើនឡើង ស្របពេលពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងដែលកំពុងរងផលប៉ះពាល់ ក៏បានបន្តកើនឡើងជាលំដាប់ផងដែរ។

លោក ហ៊ុន សែន បានឱ្យដឹងតាមរយៈបណ្តាញព័ត៌មានស្និតរបស់ខ្លួននៅថ្ងៃនេះថា គិតត្រឹមរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋាភិបាលទទួលបានជំនួយឧបត្ថម្ភជាថវិកាជាង៨លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។

ក្នុងឱកាសចុះសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋនៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃ២១ និង២២ ខែតុលា លោកហ៊ុន សែន បានជំនួយឧបត្ថម្ភដែលសប្បុរសជនផ្តល់ជូនរដ្ឋាភិបាល លោកនឹងចាត់ចែងឱ្យមានប្រសិទ្ធភាព និងចំគោលដៅដើម្បីដោះស្រាយទុក្ខលំបាករបស់ប្រជាជនក្នុងស្ថានភាពអាសន្ននេះ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីនោះឡើយ។

អ្នកវិភាគនយោបាយលោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk របស់សារព័ត៌មានThe Cambodia Daily កាលពីពេលថ្មីៗនេះថា គ្រោះធម្មជាតិប្រទេសណាក៏កើតមានដែរ។ ប៉ុន្តែប្រទេសគេទាំងនោះសំណាងជាងកម្ពុជា ព្រោះគេមានរដ្ឋាភិបាលដែលមានសមត្ថភាពចាត់ចែង និងដោះស្រាយផលប៉ះពាល់ទាំងនោះជូនពលរដ្ឋទាន់ពេលវេលា។ តែសម្រាប់កម្ពុជាវិញ លោកថា រដ្ឋាភិបាលហាក់ខ្វះសមត្ថភាពគ្រប់គ្រង និងចាត់ចែងការងារចំពោះមុខគ្រោះមហន្តរាយនេះ។

ជាក់ស្តែងលោកថា នៅពេលមានគ្រោះអាសន្នកើតឡើងភ្លាម រដ្ឋាភិបាលមិនបានបង្ហាញពីខ្ទង់ថវិការចំណាយជាក់លាក់របស់រដ្ឋ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខជូនពលរដ្ឋ និងស្តារសេដ្ឋកិច្ចជាតិនោះទេ ប៉ុន្តែរដ្ឋាភិបាលបែរជាប្រើវិធីអំពាវនាវរកជំនួយពីសប្បុរសជនទៅវិញ។ លោកបន្តថា វិធីអំពាវនាវនេះជាវិធីដែលគ្មានផែនការជាតិជាក់លាក់នោះឡើយ។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គិតពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ជំនន់ទឹកភ្លៀងបានបណ្តាលឱ្យ ពលរដ្ឋ៣៩នាក់ស្លាប់ និងប៉ះពាល់ដល់បណ្តាខេត្ត-រាជធានី ចំនួន១៩នៅទូទាំងប្រទេស ឬស្មើនឹង១១០ ក្រុង-ស្រុក-ខណ្ឌ ដែលរងផលប៉ះពាល់ ។

លើសពីនេះ ធ្វើឱ្យប៉ះពាល់ពលរដ្ឋជាង១សែនគ្រួសារ ឬស្មើនឹងចំនួនប្រជាជនជិត៥សែននាក់(៤៨៣ ១៤០)។ ដោយឡែកផ្ទះសម្បែងពលរដ្ឋជាង១សែនម៉ឺនខ្នង រងផលប៉ះពាល់ ហើយបណ្តាលឱ្យសាលារៀន ៧០៧ កន្លែង លិចលង់ ចំណែកស្រូវជាង២សែនម៉ឺនហិកតា និងដំណាំរួមផ្សំជាង៨ម៉ឺនហិកតាក៏រងការលិចលង់ រីឯហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀតរងផលប៉ះពាល់ផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស