38 C
Phnom Penh

ច្បាប់ស្តីពី ពិធិសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាង កម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម បណ្តាលឲ្យកម្ពុជាបាត់បង់ទឹកដី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកឃ្លាំមើលព្រំដែនរិះគន់ថា  លោក ហ៊ុន សែន ប្រឹងព្យាយាមការពារអំណាចដើម្បីបន្តវង្សត្រកូលរបស់ខ្លួន ដោយមិនបានខ្វល់ពីការបោះបង្គោលព្រំដែនរវាង កម្ពុជា វៀតណាម ចូលក្នុងដីរបស់កម្ពុជាប៉ុណ្ណានោះទេ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រតិកម្មថា ការធ្វើពិធិសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម របស់លោក ហ៊ុន សែន គឺដើម្បីបំពេញមហិច្ឆតាឈ្លានពានកម្ពុជារបស់វៀតណាមគ្រប់បែបយ៉ាងតែប៉ុណ្ណោះ គឺដូចដែលលោក ហ៊ុន សែន ធ្លាប់បានចុះកិច្ចព្រមព្រៀងសន្ធិសញ្ញាបំពេញបន្ថែមកាលពីឆ្នាំ២០០៥ដូច្នេះដែរ។

លោកអះអាងថា កិច្ចព្រមព្រៀង សន្ធិសញ្ញាបំពេញបន្ថែមទាំងឡាយ និងផែនទីខុសច្បាប់ ១/២៥០០០ ជាដើម ដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានចុះហត្ថលេខាព្រមព្រៀងជាមួយ វៀតណាម កន្លងទៅ សុទ្ធសឹងជាឧបករណ៍ធ្វើឲ្យកម្ពុជាបាត់បង់បូរណភាពទឹកដី និងអធិបតេយ្យភាពទាំងស្រុង។

ចំណែក លោក គឹម សុខ អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានប្រាប់ The Cambodia Daily នៅថ្ងៃនេះថា ច្បាប់ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាមនេះ គឺជាអាវុធសម្លាប់អនាគតជាតិខ្មែរយ៉ាងធ្ងន់ធ្ងរ។

លោក អះអាងថា គម្រោងដែលលោក ហ៊ុន សែន រៀបចំដើម្បីផ្គាប់ចិត្តរដ្ឋការក្រុង ហាណូយ មិនមែនត្រឹមតែច្បាប់ពិធីសារខណ្ឌសីមា និងបង្គោលព្រំដែននេះទេ ជាងនេះទៀតអាចនឹងឈានដល់ការសម្រួលតាមមហិច្ឆតា វៀតណាម ដែលប៉ងគ្រប់គ្រងផ្ទៃសមុទ្រខ្មែរមួយភាគធំ មុននឹងពួកគេគ្រប់គ្រងកម្ពុជាទាំងមូលជាចំហនៅពេលអនាគត។

ការរិះគន់នេះធ្វើឡើងក្រោយពីលោក ហ៊ុន សែន បើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យលើសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិទៅលើ សេចក្តីព្រាងស្តីពីការអនុម័តយល់ព្រមលើពិធិសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និងច្បាប់ផ្សេងៗមួយចំនួនទៀត កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ព្រឹកម៉ិញនេះ។

អតីតនាយករដ្ឋមន្ត្រីប្រទេសសិង្ហបូរី លោក លី ស៊ានឡុង បានលើកឡើងក្នុងគណនីយ្យ ហ្វេស ប៊ុក របស់លោកកាលពីឆ្នាំ២០១៩ ថា ប្រទេសជាសមាជិកអាស៊ានមួយចំនួនបានជំទាស់យ៉ាងខ្លាំងពីការលុកលុយរបស់កងទ័ពវៀតណាមមកលើកម្ពុជា កាលពីឆ្នាំ១៩៧៨។ យ៉ាងនេះក្តី លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានរិះគន់ថា ការលើកឡើងរបស់លោក លី ស៊ានឡុង មិនអាចទទួលយកបាននោះទេ ហើយការលើកឡើងនេះគឺខុសពីការពិតទាំងស្រុង។

កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ កន្លងទៅ លោក ហ៊ុន សែន បានអួត ថា ក្រោមការបង្កើតខ្សែបន្ទាត់ព្រំដែនថ្មីដោយប្រើផែនទីខ្នាត ១/២៥.០០០ នេះ កម្ពុជាចំណេញដីពីខាងភាគីវៀតណាមដល់ទៅ ២ពាន់ ហិកតា ឯណោះ។ លោកចោទថាអ្នករិះគន់រដ្ឋាភិបាលរបស់លោកថាគឺជាក្រុម ញុះញង់បង្ករភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបង្ករឲ្យមានសង្គ្រាមជាមួយប្រទេសជិតខាងក្នុងតំបន់ ដែលនឹងត្រូវចាប់ខ្លូនឲ្យខានតែបាន ទោះក្នុងតម្លៃណាក៏ដោយ។

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ កន្លងទៅ ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនលោក វ៉ា គឹមហុង  បានអះអាងក្នុងពិធីប្រគល់ផែនទីដល់ក្រសួង និងស្ថាប័នរដ្ឋមួយចំនួនរបស់កម្ពុជាដើម្បីប្រើប្រាស់ជាផ្លូវការ ថា រដ្ឋាភិបាលកម្ពុជាគ្រោងយកផែនទីថ្មី ខ្នាត ១/២៥.០០០ នេះ ទៅតម្កល់នៅអង្គការសហប្រជាជាតិ ដើម្បីទុកជាផែនទីប្រវត្តិសាស្ត្ររបស់កម្ពុជាទៅជំនាន់ក្រោយ។

លោក ហ៊ុន សែន និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម បានចុះហត្ថលេខា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ ទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរដែលសម្រេចបានចំនួន ៨៤% និងនៅសល់១៦ភាគរយទៀតជាចំណុចមិនទាន់ឯកភាពគ្នានៅឡើយ។ កម្ពុជា-វៀតណាម មានព្រំដែនគោករួមគ្នាប្រវែង ១ពា់ន ២៧០គីឡូម៉ែត្រ ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាបោះបង្គោលសរុបចំនួន ៣១៤ បង្គោល រួចរាល់ហើយ។

ក្រុមអ្នកឃ្លាំមើលសង្គមព្រមានថា បើប្រជាពលរដ្ឋមិនរួបរួមគ្នាដើម្បីផ្លាស់ប្ដូរអំណាចផ្ដាច់ការរបស់គ្រួសារហ៊ុនចេញឲ្យទាន់ពេលវេលាទេ កម្ពុជានឹងត្រូវរលាយបាត់ពីផែនទីពិភពលោកទៅថ្ងៃអនាគតមិនខានឡើយ ត្បិតកម្ពុជាមិនត្រឹមតែរងនូវវិបត្តិខ្សែព្រំដែនមិនរឹងមាំប៉ុណ្ណោះទេ តែថែមទាំងប្រឈមនឹងការបាត់ប្រទេសទាំងមូលថែមទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស