33 C
Phnom Penh

កម្ពុជាអះអាងប្រាប់អាមេរិកជាថ្មីថា មូលដ្ឋានកងទ័ពជើងទឹករាមសម្រាប់កម្ពុជាសុទ្ធសាធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រាប់ទៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថា មូលដ្ឋានយោធាជើងទឹករាម គឺរៀបចំឡើងសម្រាប់ប្រើប្រាស់ឱ្យវិស័យយោធាកម្ពុជាតែប៉ុណ្ណោះ មិនមែនជា               មូលដ្ឋានកងទ័ពបរទេសនោះឡើយ។

ការអះអាងនេះ ធ្វើឡើងក្នុងជំនួបជាផ្លូវការរវាងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក មូហ្វ៊ី (W.patrick Murphy) កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ហើយដែលត្រូវបានក្រសួងបង្ហើបឱ្យដឹងកាលពីថ្ងៃម្សិលមិញ។

គេហទំព័ររបស់ក្រសួងការពារជាតិបានចុះផ្សាយកាលពីថ្ងៃម្សិលមិញ ថា ក្នុងជំនួបនោះលោក ប៉ាទ្រីក មូហ្វ៊ី ក៏បានលើកយកបញ្ហាមូលដ្ឋានកងទ័ពជើងទឹករាម មកពិភាក្សាជាមួយ លោក ទៀ បាញ់ ផងដែរ។

ជាការឆ្លើយតបបញ្ហានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ បានបញ្ជាក់ថា មូលដ្ឋានកងទ័ពជើងទឹករាមមានទំហំតូច ទឹករាក់ មិនឆ្លើយតបទៅនឹងកប៉ាល់ ឬនាវាធំៗអាចចូលចតបានទេ។

ដូច្នេះលោកថា ការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺសំរាប់កងទ័ពជើងទឹកកម្ពុជាប្រើប្រាស់តែប៉ុណ្ណោះ។ លោកអះអាងទៀតថា គំរោងការប្រែក្លាយជាមូលដ្ឋានសមុទ្ររាមជាកំពង់ផែអន្តរជាតិនេះ ត្រូវបានធ្វើការសិក្សាអស់រយៈ ពេលជាង ១០ឆ្នាំមកហើយ បន្ទាប់ពីអភិវឌ្ឍន៍រួច កំពង់ផែនេះ នឹងទទួលការចូលចតគ្រប់នាវាទាំងអស់។

លោក ទៀ បាញ់ សង្កត់ធ្ងន់ថា រដ្ឋធម្មនុញ្ញកម្ពុជាបានចែងច្បាស់ គឺមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីកម្ពុជាឡើយ។ ទាក់ទងទៅនឹងការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក អំពីការប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹកនៅរាមសម្រាប់ប្រទេសចិននោះ លោកអះអាងថា ការប្រើប្រាស់មូលដ្ឋានរាមនេះផ្តាច់មុខជារបស់កម្ពុជា មិនមែនជាកម្មសិទ្ធិផ្តាច់មុខ របស់កងទ័ពបរទេសនោះទេ។

កាលពីឆ្នាំមុន កាសែតអាមេរិក The Wall Street Journal បានចុះផ្សាយថា កម្ពុជានិងចិនបានចុះហត្ថលេខាជាសម្ងាត់លើកិច្ចព្រមព្រៀងមួយ ដែលអនុញ្ញាតឱ្យចិនមានសិទ្ធិផ្ដាច់មុខចូលទៅប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាមក្នុងរយៈពេល៣០ឆ្នាំ ដោយអាចបន្តឡើងវិញនៅរៀងរាល់១០ឆ្នាំម្ដង។

លើសពីនេះ ក្នុងសេចក្តីរាយការណ៍នោះសង្កត់ធ្ងន់ថា កម្ពុជាក៏នឹងអនុញ្ញាតឱ្យចិនដាក់ពង្រាយបុគ្គលិកយោធា រក្សាទុកសព្វាវុធ និងអនុញ្ញាតឱ្យនាវាចម្បាំងចិនចូលចតបាននៅតំបន់នោះផងដែរ។ ប៉ុន្តែព័ត៌មាននេះត្រូវបានរដ្ឋាភិបាលកម្ពុជាបានបដិសេធម្តងហើយម្តងទៀត។

យ៉ាងណាក៏ដោយចុះ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ទទួលស្គាល់ថា  ជោគជ័យ នៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា គឺមិនអាចកាត់ផ្ដាច់បានពីការគាំទ្ររបស់សហរដ្ឋអាមេរិកបានឡើយ។ ប៉ុន្តែជាចុងក្រោយនេះ ទំនាក់ទំនងទ្វេភាគី រវាងកងទ័ពប្រទេសទាំងពីរ មានការរអាក់រអួលដោយសារព្រឹត្តការណ៍នយោបាយ ជាពិសេសការប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស