30.7 C
Phnom Penh

អតីតសកម្មជន និងមន្ត្រីគណបក្សសង្រ្គោះជាតិខេត្តត្បូងឃ្មុំថាពួកគេមិនមានកូនចិត្តក្បត់ជាតិដូចការចោទប្រកាន់របស់តុលាការឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតសកម្មជន និងមន្ត្រីជាប់ឆ្នោតគណបក្សសង្រ្គោះជាតិខេត្តត្បូងឃ្មុំ បានអះអាងថា ពួកគេមិនមានកូនចិត្តសូម្បីតែបន្តិច ក្បត់ទៅនឹងជាតិរបស់ខ្លួន ដូចការសម្រេចរបស់តុលាការក្នុងការផ្តន្ទាទោសពួកគេនោះឡើយ។

ការអះអាងនេះ ធ្វើឡើងក្រោយពេលអតីតសកម្មជននិងមន្ត្រីបក្សប្រឆាំងខេត្តនេះចំនួន ៧នាក់ ត្រូវបានតុលាការខេត្តត្បូងឃ្មុំប្រកាសសាលក្រមសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចន្លោះពី៥ឆ្នាំដល់៧ឆ្នាំ ពីបទរួមគំនិតក្បត់ជាតិ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី២២ ខែកញ្ញា ។

អតីតសកម្មជន និងមន្ត្រីជាប់ឆ្នោតទាំង៧រូបនោះ រួមមាន លោក គង់ សំអាន កំពុងជាប់ឃុំក្នុងពន្ធនាគារ លោក ចក់ ហួរ កំពុងស្ថិតនៅក្នុងប្រទេស លោក វ៉ាន់ សុផាត កំពុងស្ថិតនៅក្នុងប្រទេស លោក ជឹម វណ្ណៈ កំពុងស្ថិតនៅក្នុងប្រទេស លោក ស៊ឹម ស៊ាងទ្បេង បានភៀសខ្លួនទៅក្រៅប្រទេស អ្នកស្រី យ៉ែម វណ្ណណែត ភៀសខ្លួនទៅក្រៅប្រទេស និង អ្នកស្រី មាន ទ្បា កំពុងស្ថិតនៅក្នុងប្រទេសនៅឡើយ។

អ្នកស្រី យ៉ែម វណ្ណណែត បានសរសេរនៅលើគណនីហ្វេសប៊ុករបស់អ្នកស្រីកាលពីថ្ងៃម្សិលមិញក្រោយការសម្រេចរបស់តុលាការថាអ្នកស្រីត្រូវបានតុលាការខេត្តត្បូងឃ្មុំសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល៧ឆ្នាំពីបទរួមគំនិតក្បត់ជាតិ។

អ្នកស្រី បានស្បថថា បើអ្នកស្រីមានកូនចិត្តតែបន្តិចក្នុងការក្បត់ជាតិមាតុភូមិមែននោះ សូមឱ្យវិនាសភ្លាមៗទៅចុះ។ ប៉ុន្តែបើអ្នកស្រីមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេនោះ គឺអ្នកស្រីបួងសួងឱ្យវត្ថុស័ក្កសិទ្ធដាក់ទោសដល់អ្នកចោទប្រកាន់មកលើគាត់ ឱ្យជួបតែសេចក្តីវិនាសព្រាត់ប្រាស់ និងឈឺចាប់ជាងអ្នកស្រីរាប់លានដង។

ដោយឡែកអ្នកស្រី មាន ឡា លើកឡើងថាអ្នកស្រីនឹងចងចាំមិនអាចបំភ្លេចបាន ចំពោះថ្ងៃទី ២២ ខែកញ្ញា ដែលជាថ្ងៃតុលាការផ្តន្ទាទោសអ្នកស្រីឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ។ អ្នកស្រី បន្តថា បើមិនមុតចំសាច់របស់អ្នក ការឈឺចាប់នេះគេនឹងមិនយល់ថាវាឈឺចាប់ប៉ុណ្ណាឡើយ។

ក្រៅពីសកម្មជនបក្សជំទាស់នៅខេត្តត្បូងឃ្មុំ ៧នាក់នោះ កាលពីដើមខែកញ្ញា អតីតសមាជិកក្រុមប្រឹក្សាឃុំកណ្តោល ខេត្តកំពត អ្នកស្រី ប៉ែន មុំ ក៏ត្រូវបានតុលាការខេត្តនេះ សើរើសំណុំរឿងចាស់រួមគំនិតក្បត់នេះ ដោយតុលាការសម្រេចផ្តន្ទាទោសអ្នកស្រីឱ្យជាប់ពន្ធនាគារ៥ឆ្នាំ។

ការសើរើសំណុំរឿងរួមគំនិតក្បត់ជាតិ ក្នុងផែនការវិលត្រឡប់ចូលកម្ពុជារបស់លោក សម រង្ស៊ី កាលពីថ្ងៃទី ៩ខែវិច្ឆិកា ឆ្នាំ២០១៩  មកចាប់ចង និងផ្តន្ទាទោសទៅលើអតីតសកម្មជន និងមន្ត្រីគណបក្សសង្រ្គោះជាតិនេះ ស្របពេលអតីតប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី កាលពីថ្ងៃទី ២០ខែកញ្ញាបានប្រកាសពីផែនការវិលចូលស្រុកជាលើកទី២ បន្ទាប់ពីផែនការមាតុភូមិនិវត្តន៍របស់លោកលើកទី១ ត្រូវបានបរាជ័យ។

 លោក សម រង្ស៊ី អះអាងថា លោកនឹងវិលមកកម្ពុជាឱ្យខានតែបានក្នុងពេលឆាប់ៗ ខាងមុខនេះ ដើម្បីមករំដោះជាតិពីកណ្តាប់ដៃរបស់លោក ហ៊ុន សែន ប៉ុន្តែលោកមិនបានបញ្ជាក់ការបរិច្ឆេទជាក់លាក់ឡើយ។

ក្រៅពីសំណុំរឿងបក្សប្រឆាំងនេះ សកម្មភាពធ្វើទុក្ខបុកម្នេញទៅលើសង្គមស៊ីវិល យុវជន ព្រះសង្ឃ អ្នកចម្រៀង ដែលសកម្មរឿងសង្គមនិងបរិស្ថាន បានកើតមានឥតឈប់ឈរក្នុងរយៈពេលចុងក្រោយនេះ។

កាលពីថ្ងៃម្សិលមិញអង្គការលីកាដូ បានចេញរបាយការណ៍បញ្ជាក់ថា អ្នកការពារសិទ្ធិមនុស្ស សកម្មជននយោបាយ  និងសិល្បករចំនួន១៩នាក់ហើយ ត្រូវបានចាប់ និងឃុំខ្លួននៅក្នុងពន្ធនាគារ ចាប់តាំងពីចុងខែកក្កដាមក។

លីកាដូ បញ្ជាក់ថា ការធ្វើទុក្ខបុកម្នេញលើពួកគេជាបន្តបន្ទាប់នេះ  ដោយសារការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងជួបជុំគ្នាដោយសន្តិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបន្ទាប់ពីពួកគេធ្វើសកម្មភាពតវ៉ាទាមទារឱ្យដោះលែងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន។ អង្គការលីកាដូ បន្ថែមថា អ្នកទាំង១៩នាក់នោះ អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់២ឆ្នាំ ប្រសិនបើរកឃើញថាមានទោស។ ក្នុងចំណោមមនុស្សទាំង១៩នាក់នោះ  គឺមានម្នាក់ ដែលត្រូវបានតុលាការខេត្តត្បូងឃ្មុំ ទើបនឹងកាត់ទោសកាលពីម្សិលមិញពីបទរួមគំនិតក្បត់ គឺលោក គង់ សំអាន ជាអតីតសមាជិកក្រុមប្រឹក្សាស្រុកមេមត់ និងជាប្រធានប្រតិបត្តិស្រុកនេះមកពីគណបក្សសង្រ្គោះជាតិផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស