37 C
Phnom Penh

និស្សិតបាតុករថៃប្រកាសជោគជ័យដំណាក់កាលដំបូង ក្នុងការធ្វើបាតុកម្ម២ថ្ងៃដោយពុំរងការបង្រ្កាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បាតុករនិស្សិតដែលធ្វើបានបាតុកម្មដ៏ធំប្រមូលផ្ដុំគ្នានៅទីក្រុងបាងកក នៅក្បែរព្រះបរមរាជវាំងបានផ្ញើសារអរគុណលោក ប្រាយុទ្ធចាន់អូចា ដែលបានឈរមើលបាតុករ ដោយមិនបានចាត់វិធានការបង្រ្កាប។

ក្រុមចលនានិសិ្សត បានប្រមូលផ្ដុំគ្នា នៅសួន Sanam Luang រយៈពេល២យប់ ពីរថ្ងៃ កាលថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទី២០ ខែកញ្ញាហើយក្រោយមកទៀតបានរំកិលការប្រមូលផ្ដុំគ្នា មួយទៀតនៅសួនមួយកន្លែងក្បែរព្រះបរមរាជវាំង។

នៅក្នុងការប្រមូលគ្នានៅសួន Sanam Luang  បាតុករមានគ្នាដល់ទៅជាង១០ម៉ឺននាក់ ។ នេះបើតាមការចុះផ្សាយរបស់ កាសែតបាងកក ដែលកាសែតនេះកត់សំគាល់ថា ជាក្រុមមនុស្សដ៏សម្បើមទោះជាប្រទេសថៃស្ថិតក្នុងបំរាមការប្រមូលផ្ដុំដោយសារភ័យខ្លាចការឆ្លងជំងឺកូវិដ១៩ ក៏ដោយ។

មហាប្រជុំនេះ ប្រព្រឹត្តទៅដោយរៀបរយនិងសន្តិវិធី ដោយកម្លាំងអាជ្ញាធរ បានត្រឹមតែឃ្លាំមើល ប៉ុណ្ណោះទោះបីបាតុករស្រែក ដាក់មេក្រូ យ៉ាងកងរំពងក៏ដោយ ក៏អាជ្ញាធរក្រុងបាកក ពុំបាននិយាយអំពីការបង្កអសនិ្តសុខ ឬបង្កការកកស្ទះចរាចរណ៍អ្វីឡើយ។

អ្នកកាសែតដែលជាអ្នកសង្កេតការណ៍ផ្ទាល់នឹង ព្រឹត្តិការណ៍នៃមហាប្រជុំនេះ បានកត់សំគាល់ថាបាតុកម្មនេះ ធ្វើឡើងដោយមានការយោគយល់រវាងបាតុករនិងអាជ្ញាធរក្រុងបាងកក។ ប៉ុន្តែមុនបាតុករប្រកាសរំសាយ គឺខាងក្រុមប្រឹក្សារាជវាំង និងរាជរដ្ឋាភិបាល បានមកទទួលញត្តិរបស់បាតុករ។

ក្នុងញត្តិនោះ បាតុករទាមទារអោយ រំលាយរដ្ឋសភា ហើយទាមទារឲ្យលោកប្រាយុទ្ធចាន់អូចារ ត្រូវតែចុះចេញពីតំណែង រៀបចំការបោះឆ្នោតឡើងវិញ និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧ ជាមួយនឹងការកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រលើវិស័យយោធា ព្រមទាំងបញ្ឈប់ពួកឧត្តមសេនីយ៍ចូលប្រឡូកប្រឡាក់កិច្ចការនយោបាយ។

ក្នុងចំណោម ការទាមទារទាំងនេះ គឺមានតែមួយគត់ដែលបាតុករស្ដាប់លឺភ្លាមៗ គឺការទាមទារអោយលោកបា្រយុទ្ធចុះចេញពីតំណែង។

លោកបា្រយុទ្ធបានប្រាប់អ្នកសារព័ត៌មានថា លោកមិនអាច ធ្វើតាមបាតុករនៅពេលនេះទេ។ ប៉ុន្តែលោកសន្យានឹងយកការទាមទាររបស់បាតុករទៅពិចារណានូវអ្វីដែលអាចធ្វើបាន។

លោកប្រាយុទ្ធបាននិយាយថា លោកបានដឹងណាស់ថាបាតុករនិស្សិតនឹងមានការប្រមូលផ្ដុំធំដូចនេះ ។ លោកទទួលស្គាល់ថា បើលោកធ្វើព្រងើយកន្តើយ គឺការទាមទារនឹងកាន់តែរីកធំឡើង។ តែលោកព្រមានកុំអោយមានការបង្កហិង្សា និងប្រមាថព្រះមហាក្សត្រ។

អតីតមេរដ្ឋប្រហារឆ្នាំ២០១៤ លោកបា្រយុទ្ធបានចូលកាន់តំណែង នាយករដ្ឋមន្ត្រី បន្ទាប់ពីការបោះឆ្នោត សភាកាលពីថ្ងៃទី២៤មីនា ឆ្នាំ២០១៩ ដែលគណបក្សរបស់លោកបានឈ្នះក្នុងការបោះឆ្នោតក្នុងរដ្ឋសភាព្រោះតែលោកបានប្រមូលកម្លាំងពីបក្សតូចៗរហូតដល់១៩ គណបក្សមកបង្កើតរដ្ឋាភិបាលចម្រុះជាមួយបក្សប៉ាលាំងប្រាចារ៉ាត់របស់លោក  ដែលដណ្ដើមបានអាសនៈលេខ២ នៅក្នុងការបោះឆ្នោតដោយចាញ់គណបក្សប្រឆាំងគឺគណបក្សភឿថៃ។

ចលនារបស់និស្សិតថៃងើបតវ៉ាជាថ្មីចាប់ពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២០នេះ។ ដំបូងត្រឹមក្រុមនិស្សិតរាប់រយនាក់ទាមទារឱ្យរដ្ឋាភិបាលដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ហើយរៀបចំការបោះឆ្នោតឡើងវិញ ដោយពួកគេចោទថា រដ្ឋាភិបាលនេះ ឡើងកាន់តំណែងដោយការបោះឆ្នោតមិនត្រឹមត្រូវ និងមិនមានសមត្ថភាពក្នុងការដោះស្រាយបញ្ហា ពិសេសក្នុងអំឡុងពេលឆ្លងរាលដាលជំងឺកូវីដនេះ។

ក្រោយមកទៀត ទើបមានការទាមទារឱ្យធ្វើកំណែទម្រង់អំណាចមហាក្សត្រ ដែលក្នុងច្បាប់កំណត់ដាក់ទោសអ្នករិះគន់មហាក្សត្រ ត្រូវជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស