28.4 C
Phnom Penh

អ្នកឃ្លាំមើលព្រំដែនថា រដ្ឋាភិបាលលោក ហ៊ុន សែន មិនអាចស្រោចស្រង់ព្រំដែនខ្មែរពីវៀតណាមបានទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកឃ្លាំមើលបញ្ហាព្រំដែនបានទាត់ចោលសុន្ទរកថារបស់លោក ហ៊ុន សែន ដែលបកស្រាយជុំវិញបញ្ហាបូរណភាពទឹកដីថា មិនគ្រាន់តែមិនបានជម្រះមន្ទិលសង្ស័យក្នុងចិត្តពលរដ្ឋខ្មែរអំពីការបាត់បង់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញនូវឥរិយាបថក្រោមឥទ្ធិពលវៀតណាមទៀតផង។

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានរិះគន់ថាការបំភ្លឺលើបញ្ហាព្រំដែនកម្ពុជា និងវៀតណាមក្នុងមន្ទីររដ្ឋសភាតែម្នាក់ឯងរយៈពេល៥ម៉ោង កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ ដែលកំពុងចាក់ផ្សាយឡើងវិញលើបណ្តាញទូរទស្សន៍ក្នុងស្រុកតាមបញ្ជារបស់លោកនោះជាការបំភ័ន្តមតិជាតិ និងអន្តរជាតិ ដែលខ្លួនកំពុងព្យាយាមបង្កើតខ្សែបន្ទាត់ព្រំដែនថ្មីរវាង                    កម្ពុជា-វៀតណាមដែលខុសច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ពួកគេអះអាងថាលោក ហ៊ុន សែន បានប្រព្រឹត្តកំហុសធ្ងន់ធ្ងរណាស់ តាមរយៈការប្រកាន់យកកិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងការបន្តសុពលភាពឲ្យសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ធ្វើជាមូលដ្ឋានក្នុងការកំណត់ព្រំដែនរវាងកម្ពុជា-វៀតណាម។ ចំណែកការអនុវត្តក្នុងការបោះបង្គោលព្រំដែនវិញរដ្ឋាភិបាល លោក ហ៊ុន សែនបានធ្វើស្ងាត់ៗជាមួយភាគីវៀតណាម ដោយមិនមានការចូលរួមពីចម្រុះភាគីជាតិ និងចម្រុះភាគីអន្តរជាតិដូចជាអ្នកជំនាញប្រទេសបារាំងដែលជាម្ចាស់ផែនទីដើមរបស់កម្ពុជា តំណាងសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឬអ្នកជំនាញបច្ចេកទេសអង្គការសហប្រជាជាតិនោះទេ។

ក្រុមនេះអះអាងថា សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ រវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា ជាមួយប្រទេសវៀតណាម គឺជាសន្ធិសញ្ញាមិនស្មើភាពគ្នា និងធ្វើឡើងក្រោមការត្រួតត្រា ដោយកងទ័ព               វៀតណាមឈ្លានពាន។ សន្ធិសញ្ញានេះបានប្រើផែនទី ដែលភាគីទាំងពីរអះអាងថាជាប្រភេទផែនទីបោន (Bonne) ខ្នាត ១/១០០.០០០ ចំនួន ២៦ ផ្ទាំង ប៉ុន្តែបោះពុម្ពឡើងវិញនៅវៀតណាម ដែលចុះហត្ថលេខាដោយក្រុមប្រតិភូព្រំដែនឆ្នាំ១៩៨៥ និងផែនទីប្រភេទយូធីអឹម (UTM) ខ្នាត ១/៥០.០០០ ចំនួន ៤០ ផ្ទាំង ជាផែនទីមិនស្របច្បាប់ ដែលយោធាអាមេរិក ប្រើប្រាស់ក្នុងសម័យសង្រ្គាមវៀតណាម។ រីឯផែនទីខ្នាត ១/២៥.០០០ ត្រូវបានរដ្ឋាភិបាល លោក ហ៊ុន សែន ធ្វើស្ងាត់ៗជាមួយវៀតណាម លាក់កំបាំងប្រជាពលរដ្ឋខ្មែរជាម្ចាស់ទឹកដី ដោយគ្រាន់តែប្រើពាក្យបន្លំថា «ដូចមាននៅលើផែនទីបោន (Bonne) ខ្នាត ១/១០០.០០០»។

កាលពីថ្ងៃទី១៦ សីហា កន្លងទៅលោក ហ៊ុន សែន អួតថាកម្ពុជាចំណេញដីជាង២០០០ហិកតាពីការដោះដូរព្រំដែនជាមួយវៀតណាម ក្រោមការបង្កើតខ្សែព្រំដែនថ្មីនេះ ដើម្បីចែកដល់យោធាដែលគ្មានដី      សម្រាប់រស់នៅ ប៉ុន្តែក្រុមអ្នកឃ្លាំមើលព្រំដែនទាំងនេះ អះអាងថាគ្មានជនជាតិវៀតណាមណាម្នាក់ត្អូញត្អែររឿងបាត់ដីរបស់ខ្លួនមកខាង               កម្ពុជានោះទេ មានតែពលរដ្ឋខ្មែរតាមព្រំដែនប៉ុណ្ណោះដែល យំស្រែកបាត់ដីស្រែចម្ការ រហូតបាត់ភូមិទាំងមូលរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកត្តិយសគណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្នទៀតផង។

រដ្ឋធម្មនុញ្ញជំពូក១មាត្រា២ចែងយ៉ាងច្បាស់ថាបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០។

ជាងនេះទៅទៀតរាល់សន្ធិសញ្ញាទាំងឡាយ ឆ្នាំ១៩៨២ ១៩៨៣ ១៩៨៥ ត្រូវបានធ្វើមោក្ខភាពទាំងអស់ដោយសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ តែផ្ទុយទៅវិញបច្ចុប្បន្ននេះយោធាវៀតណាមកំពុងបោះតង់យ៉ាងតិច ២៨៣ កន្លែងក្នុងតំបន់មិនទាន់ឯកភាពគ្នារវាងប្រទេសទាំងពីរតាមបណ្តាយខ្សែបន្ទាត់ព្រំដែនក្រោមលេសទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ក្នុងពិធីសម្ភោធសួនទឹកកម្សាន្ត Golden City ក្នុងរាជធានីភ្នំពេញលោក ហ៊ុន សែន បានព្រមានចាប់អ្នកតវ៉ារឿងព្រំដែននេះថា ចេញមកតវ៉ាប៉ុណ្ណា ចាប់ប៉ុណ្ណឹង មិនអាចលើកលែងជាដាច់ខាត។ សារព្រមាននេះធ្វើឡើងក្រោយពេលលោកបញ្ជាឲ្យចាប់ខ្លួនអ្នកតវ៉ារឿងព្រំដែនកាលពីដើមខែសីហានេះ រួមមាន លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យុវជនខ្មែរថាវរៈ២នាក់ និងលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ បច្ចុប្បន្នពួកគេកំពុងត្រុវឃុំខ្លួននៅពន្ធនាគារព្រៃស ក្នុងមណ្ឌលទី១ និងមណ្ឌលទី២ ដើម្បីរង់ចាំសវនាការ។

ក្នុងសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជិត១០០ស្ថាប័នកាលពីថ្ងៃទី១៨ ខែសីហា បានទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងអ្នកទាំនោះឲ្យមានសេរីភាពឡើងវិញ និងដោយគ្មានលក្ខខណ្ឌ ត្បិតពួកគេប្រើប្រាស់សិទ្ធិសំដែងមតិដែលធានាដោយរដ្ឋធម្មនុញ្ញរបស់ខ្លួន។

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យបានចាត់ទុកសន្ទរកថារបស់លោក ហ៊ុន សែន កាលពីថ្ងៃទី០៩ សីហា ឆ្នាំ២០១២ ថាជាវិធីបន្លំដានប្រវត្តិសាស្ត្រ និងជាបណ្តាសារចំពោះជាតិខ្មែរទាំងមូល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស