នាយក​រដ្ឋ​មន្រ្ដី​ស្រីលង្កា​ជា​បងប្រុស​បង្កើត​របស់​ប្រធានាធិបតី​

ទំនង​មានតែ​ប្រទេស​ស្រីលង្កា​ទេ​ដែល​សាច់ឈាម​តែមួយ​បាន​ក្លាយជា​មេដឹកនាំ​កំពូល​របស់​ប្រទេស។ ត្រកូល Rajapaksa ដែល​ជា​អ្នកធ្វើ សង្គ្រាម​បញ្ចប់​សង្គ្រាមស៊ីវិល​កាលពី​ឆ្នាំ២០០៩ ឥលូវ​នេះ​បាន​ក្លាយទៅជា​មេដឹកនាំ​ត្រកូល​តែមួយ​នៃ​ប្រទេស​ស្រីលង្កា ស្ថិត​ក្នុង​តំបន់​អាស៊ី​ខាងត្បូង។

បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera បាន​ចុះផ្សាយ​ថា លោក Mahinda Rajapaksa ដែល​ធ្លាប់​កាន់​តំណែង​ប្រធានាធិបតី ហើយ​ជា​អ្នកឈ្នះ​ក្នុង​សង្គ្រាមស៊ីវិល​ជាមួយនឹង​ពួក​ឧទ្ទាម​ខ្លា​តា​មិល​បាន​ក្លាយជា​នាយក​រដ្ឋ​មន្រ្ដី។ លោក​បាន​ស្បថ​ចូលកាន់​តំណែង​កាលពី​ថ្ងៃអាទិត្យ​ទី៩សីហា​នេះ នៅ​ក្រោម​គណ​អធិបតី គឺ​ប្អូនប្រុស​របស់​គាត់​ឈ្មោះ លោក Gotabaya Rajapaksa។

ពិធី​ស្បថ​បាន​ធ្វើឡើង​នៅ​ឯអារាម​ព្រះពុទ្ធ​សាសនា មួយ​ដ៏​ស័ក្កសិទ្ធ​មួយ។ លោក Mahinda Rajapaksa ជានា​យក​រដ្ឋ​មន្រ្ដី​ទី៤ ដែល​បាន​ដឹកនាំ​គណបក្ស​របស់​លោក គឺ​គណបក្ស​រណសិរ្ស​ប្រជាជន​ស្រីលង្កា​ឈ្នះ​យ៉ាង​ភ្លូក​ភ្លូក​ដី​នៅក្នុង​ការបោះឆ្នោត​សភា​កាលពី​ថ្ងៃពុធ​សប្ដាហ៍​កន្លងទៅ​នេះ​ដោយ​ទទួល​បាន​អាសនៈ១៤៥ ក្នុង​អាសនៈ​សរុប២២៥ ហើយ​គណបក្សSJBបាន​លំដាប់ ទី២។គណបក្ស​រណសិរ្ស​ប្រជាជន​ស្រីលង្កា ដែល​ឈ្នះ​ឆ្នោត គឺ​ដោយសារតែ​ប្រជាជន​ស្រីលង្កា នៃ​អំបូរ​សី​ហលីស លើសលុប​បោះ​អោយ​បក្ស​នេះ​យកឈ្នះ​បក្ស SJP ដែល​គាំទ្រ​ដោយ​ជនជាតិ​ដើម​ខ្លា​តា​មិល។

លោក Mahinda Rajapaksa ធ្លាប់​កាន់​តំណែង​ប្រធានាធិបតី​ពីឆ្នាំ២០០៥ ដល់​ឆ្នាំ២០១៥។បុរស​នេះ​ហើយ ជា​អ្នក​បញ្ចប់​សង្គ្រាមស៊ីវិល២៥ឆ្នាំ ជាមួយនឹង​ប្អូនប្រុស​របស់​គាត់​ដែល​កាលណោះ​ជារ​ដ្ឋ​មន្រ្ដី ការពារ​ជាតិ​ហើយ បច្ចុប្បន្ន លោក Gotabaya គឺជា​ប្រធានាធិបតី។ ជ័យជម្នះ​នេះ​បាន​នាំ​អោយ​បងប្អូន​សាច់ឈាម​បង្កើត​នេះ យក​សំឡេង​បាន​យ៉ាងច្រើន​នៅក្នុង​សភា​ហើយ នឹង​រុញ​អោយ​មានការ​កែទម្រង់​រដ្ឋធម្មនុញ្ញ​ដើម្បី ពង្រឹង អំណាច សន្ដ​តិ​វង្ស នៅក្នុង​ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា​មួយ​ដ៏​ល្បី​នេះ។

តាម Aljazeera បងប្អូន​របស់​ត្រកូល Rajapaksa រហូតដល់​ទៅ៥នាក់​ទៀត​បាន​ជាប់​ជាស​មា​ជិ​កស​ភា។គ្រួសារ​ត្រកូល Rajapaksa បាន​ដណ្ដើម អាសនៈ ដ៏​ច្រើន​នៅក្នុង​រដ្ឋសភា​នេះ នាំ​អោយ​មានការ​ព្រួយបារម្ភ អំពី​អំណាច​ធ្លាក់ ទៅលើ​គ្រួសារ ម្នាក់​តែប៉ុណ្ណោះ។ ប៉ុន្ដែ​អ្នកសង្កេតការណ៍ មើលឃើញ​ថា ដើម្បី​កែ​រដ្ឋធម្មនុញ្ញ​បាន គឺ​ត្រូវការ​សំឡេង៣ភាគ៤ ដែល​មាន​សមាជិកសភា​ជាង១៥០នាក់។

ប្រទេស​ស្រីលង្កា​បាន​ប្រែក្លាយ​ទៅជា របប​ប្រធានាធិបតី គឺ​ចាប់តាំងពី​ឆ្នាំ១៩៧៨ តែ​យ៉ាងណា នៅ​ឆ្នាំ២០១៥ មានការ​ធ្វើ​វិសោធន កម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​ពង្រឹង​អំណាច​សភា និង​អំណាច​នាយក​រដ្ឋ​មន្រ្ដី ដើម្បី​ធ្វើអោយ​មាន​តុល្យភាព និង​អំណាច​ប្រធានាធិបតី។ប្រធានាធិបតី​មិន​មាន​សិទ្ធិ​តែងតាំង​គណ​រដ្ឋ​មន្រ្ដី​ទេ គឺ​នាយក​រដ្ឋ​មន្រ្ដី​ជា​អ្នកតែង​តាំង​ប៉ុន្ដែ​គណៈ​រដ្ឋ​មន្រ្ដី​ទាំងនោះ​ត្រូវតែ​សុំ​ការ​អនុម័ត​ពី​ប្រធានាធិបតី​មុន​សុំ​សេចក្ដីទុកចិត្ត​នៅក្នុង​រដ្ឋសភា។

ចំណែក​ឯប្រព័ន្ធ តុលាការ ជា​ស្ថាប័ន​ឯករាជ្យ។ លោក Gotabaya បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី នៅក្នុង​ការបោះឆ្នោត កាលពី​ខែវិច្ឆិកា​ឆ្នាំ២០១៩ ។ បុរស​នេះ គឺជា អ្នកនយោបាយ​ដ៏​ក្លាហាន​ជាងគេ​ដែល បាន​ស្វែងរក​ការពិត អំពី​បុព្វហេតុ​បង្ក​អោយ​មានអំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​នៅ​វិហារ​គ្រិស្ដ និង​នៅ​តាម​សណ្ឋាគារ មួយចំនួន​ដែល​សម្លាប់​មនុស្ស​ដល់ទៅ២៦៦នាក់។

ប្រធានាធិបតី​រូប​នេះ​ហើយ ដែល​ធ្វើអោយ​បក្ស​កាន់អំណាច កាលណោះ​បាត់បង់​ប្រជាប្រិយ​ភាព​ដោយ​ការ​គ្រប់​គ្រង​សន្ដិ​សុខ រដ្ឋធានី កូ​ឡំ​បឺស មិន​មាន​ភាពរឹងមាំ។ឥឡូវនេះ ជ័យជម្នះ និង​ការ​ឡើង​កាន់ តំណែង របស់​គ្រួសារ Rajapaksa ប្អូន​ជា​ប្រធានាធិបតី បង​ជា​ប្រធានាធិបតី​បាន​ក្លាយ ជា​រឿង​ព្រួយបារម្ភ​សម្រាប់ អ្នកសង្កេតការណ៍​ថា អាច​នឹង​ធ្វើអោយ ស្ថាប័ន​ប្រជាធិបតេយ្យ​មួយចំនួន​ចុះ​ទន់ខ្សោយ។

មកដល់ពេលនេះ​ប្រទេស​នៅ​អាស៊ី​ខាងត្បូង ស្ថិតនៅ​ក្នុង​ស្ថានភាព​ទ្រឹង ដោយ​មិនទាន់​ឃើញ​មានការ​ចេញ លិខិត​ស្វាគមន៍​គ្រួសារ​ត្រកូល Rajapaksa កាន់​តំណែង ទាំង​ប្អូន​ទាំង​បង​នោះ​ទេ។ ប៉ុន្ដែ​សំណួរ​សួរ​ថា​តើ ការដឹកនាំ​ត្រកូល Rajapaksa ទាំងបងទាំងប្អូន​នេះ អាច​ដោះបំណុល​ចិន​បាន​ដែរ​ឬទេ ព្រោះ​ដោយសារតែ បំណុល​នេះ កំពុង​ផែ​មួយ​ដ៏​ធំ​នៃ​កំពុង​ផែ​សមុទ្រ Habatota បាន​ធ្លាក់​ទៅ​ក្រោម​ការ​កាន់កាប់ របស់​ចិន​ទៅ​ហើយ ដោយសារតែ​គ្មាន​ប្រាក់​បង្វិល​ទៅ​អោយ​ម្ចាស់​ទាន់ពេល​វេលា។

ក្នុង​មូលហេតុ​នេះ បំណុល​ដែល​ធ្ងន់ធ្ងរ​មិនមែន កើតឡើង​ក្នុង​សម័យ​របស់​គណបក្ស​ចាញ់ឆ្នោត​នោះ​ទេ គឺជា​បំណុល​កើតឡើង ក្នុង​សម័យ​ប្រធានាធិបតី Mahinda Rajapaksa ។ ភ្លាម​ៗក្រោយពី​លោក Mahinda Rajapaksa ចាញ់ឆ្នោត​ជា​ប្រធានាធិបតី​ឆ្នាំ២០១៥ រដ្ឋាភិបាល​ថ្មី​ពេលនោះ​បាន​ធ្វើការ​ផ្ទៀងផ្ទាត់ ប្រាក់កម្ចី​របស់​ចិន​ដែល ស្ថាបនា កំពុង​ផែ Habatotaហើយ​រក​ឃើញ​ប្រាក់​រាប់​រយ​លាន​ដុល្លារ​បាន​បាត់។កាលណោះ ប្រធានា ធិបតី​ថ្មី គឺ​លោក Maithripala Yapa Sirisenaដែល​លោក​បាន​បញ្ជូន​រដ្ឋ​មន្រ្ដី​ហិរញ្ញវត្ថុ​ទៅ ក្រុង​ប៉េកាំង​ដើម្បី សុំ ផ្ទៀងផ្ទាត់​បញ្ជី​បំណុល​ហើយក៏​រក​ឃើញ​អំពើពុករលួយ​នៅក្នុង​ការស្ថាបនា​កំពង់ផែ​មួយ​នេះ។ តែ​បែបនេះ នាយក​រដ្ឋ​មន្រ្ដី​ចិន​លោក លី​កៃ​ជៀ​ក បាន​សា​ទរ​ភ្លាម​ៗមកកាន់​លោក Mahinda Rajapaksa ដែល​គាំទ្រ​លោ​កម​ហិ​ដា​ជានា​យក​រដ្ឋ​មន្រ្ដី​ថ្មី​របស់​ស្រីលង្កា។ លោក​លី​បាន​និយាយ​នៅក្នុង​សារ​របស់​លោក​ថា ចិន​និង​ស្រីលង្កា​ពេញចិត្ត​នឹង​ចំណងមិត្តភាព​ប្រពៃណី​នឹងគ្នា​យូរណាស់​មក​ហើយ ហើយ​ថ្មី​ៗនេះ ប្រទេស​ទាំងពីរ​កាន់តែ​ពង្រឹង​ថែមទៀត​នូវ​យុទ្ធ​សា​ស្រ្ដអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​របស់​ខ្លួន​ដោយ​ឈរ​លើ​គោលការណ៍​ចែករំលែក​គ្នា​នូវ កិច្ច​សហប្រតិបត្តិ​ការ​រួមគ្នា។

ក្នុង​ន័យ​នេះ ទាំង​រដ្ឋាភិបាល និង​ប្រជាជន​ចិន​និង​ស្រីលង្កា ពិតជា​បាន បន្ដ​ថែមទៀត នូវ​សហប្រតិបត្តិ​ការ​ទ្វេភាគី ក្នុង​វិស័យ​ទាំងអស់​ដែល​ប្រទេស​ទាំងពីរ​បាន​កំពុង​ពង្រឹង​ជាមួយគ្នា​ហើយ​ជាពិសេស​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩ ។ លោក​លី​កៃ​ជៀ​កបាន​រំលឹក​ថា ដែល​ការ​លោក Mahinda ជា​ប្រ​ធា​ធិបតី​លោក​បាន​សន្យា​ខ្លាំង​ណាស់​ក្នុង​ការ​ពង្រឹង ទំនាក់ទំនង​មិត្តភាព​ទ្វេភាគី​ជាមួយ​ចិន។លោក​លី​បាន​និយាយ​ទៀត​ថា ចិន​មាន​ឆន្ទៈ​កាន់តែ​រឹងមាំ​ក្នុង​គោលដៅ​បង្កើន​សហប្រតិបត្តិ​ការ​ឈ្នះ​ៗរវាង​ប្រទេស​ទាំងពីរ​ហើយ​ក្រោម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ចិន​ជួយ​អភិវឌ្ឍ​ប្រទេស​ស្រីលង្កា​បន្ដ​ទៀត​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.