28.5 C
Phnom Penh

អាជ្ញាធរ​មូលដ្ឋាន​ខេត្តកណ្តាល​ស្នើ​ឱ្យ​ថ្នាក់លើ ជួយ​អន្តរាគមន៍​ករណី​រក​ឃើញ​មនុស្សជា​ច្រើន​នាក់​ប៉ះពាល់​អ្នកជំងឺ​កូ​វីដ១៩ម្នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ចៅសង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្តាល បាន​ផ្ញើរ​បាយ​ការណ៍​មួយ​ទៅ​អភិបាលក្រុង​តាខ្មៅ ដោយ​ថា មាន​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ម្នាក់ ទើបនឹង​ពិនិត្យ​ឃើញ​ផ្ទុក​ជំងឺ​នេះ បាន​ប្រាស្រ័យ និង​ប៉ះពាល់​មនុស្សជា​ច្រើន​នាក់ មុន​ពេល​អ្នកជំងឺ​រូប​នោះ​រក​ឃើញថា​មាន​វិជ្ជមាន​កូ​វីដ១៩នោះ។

ក្នុង​លិខិត​របស់​ចៅសង្កាត់​សិត្បូ លោក អ៊ុំ ឡេង នៅ​ថ្ងៃទី១០ខែកក្កដា​នេះ ដែល​រាយការណ៍​ទៅ​អភិបាលក្រុង​តាខ្មៅ អះអាង​ថា​ស្ត្រី​ខ្មែរ​ម្នាក់​ជា​កងទ័ព​ខៀវ​កម្ពុជា ទើប​ត្រឡប់​មក​ពី​បំពេញបេសកកម្ម​នៅ​ប្រទេស​ម៉ាលី ទើប​ធ្វើតេស្ត​រក​ឃើញថា​មាន​វីរុស​កូ​វីដ១៩។ ក្នុង​លិខិត​ដដែល​បន្ត​ថា មុន​ពេល​ស្ត្រី​រូប​នោះ​រក​ឃើញ​ជំងឺ​នេះ គាត់​បាន​រស់នៅ​ជុំ​គ្រួសារ និង​ប្រាស័្រយ​ទាក់ទង​មនុស្សជា​ច្រើន ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្នុង​ភូមិ​មានការ​បារម្ភ​ជា​ខ្លាំង។បញ្ហា​នេះ ចៅសង្កាត់​បាន​ស្នើ​ឱ្យ​អភិបាលក្រុង​ជួយ​ចាត់វិធានការ​បន្ត ដើម្បី​ឆ្លើយតបទៅនឹង​ក្តី​បារម្ភ​របស់​ពលរដ្ឋ​ទាំងនោះ។

យ៉ាងនេះ​ក្តី​នៅ​ថ្ងៃ​ចន្ទ​នេះ មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ ដោយ​បដិសេធ ចំពោះ​របាយការណ៍​របស់​ចៅសង្កាត់​សិត្បូ​លោក អ៊ុំ ឡេង ។សេចក្តី​ជូនដំណឹង​នោះ បាន​អះអាង​ថា ករណី​ដែល លោក អ៊ុំ ឡេង ចៅសង្កាត់​សិត្បូ បាន​ធ្វើ​របាយការណ៍​ជូន លោក​អភិបាលក្រុង​តាខ្មៅ ស្ដី​អំពី​សកម្មភាព​របស់ អ្នកជំងឺ​កូ​វីដ១៩ រស់នៅ​ភូមិ​ព្រែក​ត្រែង សង្កាត់​សិត្បូ ដែល​ទើបនឹង​រក​ឃើញ​ថ្មី កាល​ថ្ងៃទី០៨ ខែសីហា ថា បាន​ធ្វើសកម្មភាព ប្រាស្រ័យ​ទាក់ទង​មនុស្សជា​ច្រើន គឺ​មិន​ត្រឹមត្រូវ​ឡើយ។

មន្ទីរ​សុខាភិបាល​បញ្ជាក់​ថា របាយការណ៍​របស់​ចៅសង្កាត់​សិត្បូ គ្មាន​ប្រភព​ច្បាស់លាស់​ខុសពី​ការ​ចុះ​ធ្វើ​អង្កេត ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​សុខាភិបាល និង​ការ​សហការ​ផ្តល់​ព័ត៌មាន​ពី​អ្នកជំងឺ និង​ក្រុម​គ្រួសារ​របស់​គាត់​ផ្ទាល់។លិខិត​ជូនដំណឹង​បន្ថែម​ថា ក្រោយពី​អ្នកជំងឺ​ខាងលើ​ទទួលលទ្ធផល តេ​ស្ត​មេរោគ​កូ​វីដ១៩ វិជ្ជមាន​ពី​ស្ត្រី​រូប​នោះ​ក្រុមការងារ​បាន​ចុះ​យក​សំណាក ដើម្បី​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ១៩ ដល់​សមាជិក​ក្រុម​គ្រួសារ​អ្នកជំងឺ ដែល​រស់នៅ​ក្នុង​ផ្ទះ​ជាមួយគ្នា ចំនួន៩នាក់ កាលពី​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ហើយ​លទ្ធផល​តេ​ស្ត​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ បញ្ជាក់​ថា អវិជ្ជមាន ទាំង ០៩នាក់។

យ៉ាងណា​ក្តី មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​អះអាង​ថា អ្នក​ទាំង៩នាក់ បាន​និង​កំពុង​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័​ក រយៈពេល១៤ថ្ងៃ នៅ​មណ្ឌល​ចត្តាឡីស័​កក្នុង​ក្រុង​តាខ្មៅ ដើម្បី​បន្ត តាមដាន​បន្ថែម​ទៀត។លើស​ពីនេះ មន្ត្រី​សុខាភិបាល នឹង​សហការ​ជាមួយ​អាជ្ញាធរ អ្នកជំងឺ និង​ក្រុម​គ្រួសារ​គាត់ ដើម្បី​ស្រាវជ្រាវ អង្កេត​រក​អ្នក​ប៉ះពាល់ ដោយប្រយោល​ផ្សេងទៀត ផង​ដែរ។ គិត​ត្រឹម​ថ្ងៃទី១០ខែសីហា កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ១៩ ចំនួន២៥១នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន២១៩នាក់​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស