28 C
Phnom Penh

តំណាងអ្នកពិភាក្សាបញ្ហាប្រាក់ឈ្នួលកម្មករនៅមិនទាន់បង្ហាញតួលេខនៅឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកទី២ រវាងតំណាងភាគីសហជីពនយោជិត និងភាគីនយោជកនៅមិនទាន់បង្ហាញតួលេខណាមួយជុំវិញកិច្ចពិភាក្សានោះនៅឡើយទេ។ កិច្ចប្រជុំស្តីពីបញ្ហាប្រាក់ឈ្នួលរបស់កម្មករសម្រាប់ឆ្នាំ២០២០ នេះធ្វើឡើងនៅទីស្ដីការក្រសួងការងារ នៅថ្ងៃនេះ។

ទំព័រហ្វេសប៊ុករបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃនេះឱ្យដឹងថា ភាគីសហជីព និងនិយោជកនៅមិនទាន់បានបង្ហាញតួលេខនៅឡើយទេ ដោយសារគ្រប់ភាគីកំពុងប្រមូលទិន្នន័យ និងព័ត៌មានពីគ្នា ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ពិភាក្សាស្វែងរកយន្តការកុងសង់ស៊ីស ឬចំណុចឯកភាពរួមមួយ ដែលនឹងលើកយកមកពិភាក្សាគ្នា នាចុងសប្តាហ៍នេះបន្តទៀត។

ប្រភពដដែល បានដកស្រង់ការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអ្នកនាំពាក្យក្រសួងមួយនេះ លោក ហេង សួរ ដែលថា កិច្ចប្រជុំថ្ងៃនេះបានប្តូរជារូបភាពត្រីភាគី  ទៅជាកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចាប់ពីពេលនេះរហូតដល់ថ្ងៃ  ទី៦ ខែកញ្ញាខាងមុខ ហើយគ្រប់ភាគីនឹងមកជួបប្រជុំគ្នាឡើងវិញ ដើម្បីពិភាក្សាស្វែងរកយន្តការមួយដើម្បីពិភាក្សាឈានទៅរកចំណុចមួយដែលគ្រប់ភាគីអាចទទួលយកបាន។

លោក ហេង សួរ បញ្ជាក់ទៀតថា ឆ្លងតាមរយៈកិច្ចប្រជុំពេញមួយព្រឹកនេះ បើទោះជាភាគីសហជីព និងនយោជក មិនទាន់បានបង្ហាញតួលេខណាមួយក៏ដោយ ប៉ុន្តែគ្រប់ភាគី ហាក់ដូចជាបានដឹងអំពីនិន្នាការក្នុងតំបន់ ក៏ដូចជាលក្ខណវិនិច្ឆ័យមួយចំនួន។ លោកថា នៅពេលនេះពួកគេកំពុងតែស្ទាបស្ទង់ដើម្បីរកចំណុចឯកភាពផ្ទៃក្នុងជាមុនសិនសម្រាប់បង្ហាញទៅភាគីម្ខាងទៀត។ ដូច្នេះហើយបានជា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រេចទុកលទ្ធភាព ឬពេលវេលាឲ្យភាគីនីមួយៗសម្រេចផ្ទៃក្នុងតាមរយៈការពិភាក្សាគ្នាឲ្យបានយល់ជាមុនសិន ធ្វើយ៉ាងណាឲ្យភាគីម្ខាងទៀតអាចទទួលយកបាន។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅថាGMAC ធ្លាប់លើកឡើងថា អំពីភាពមិនប្រាកដប្រជានៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធEBA របស់អឺរ៉ុប ដែលធ្វើឱ្យពួកគេពិបាកសម្រេចក្នុងការតម្លើងប្រាក់ឈ្នួលជូនកម្មករនយោជិតបន្ថែមទៀត។ 

ឆ្នាំ២០១៩ ប្រាក់ឈ្នួលកម្មករមានចំនួន១៨២ ដុល្លារ ក្រោយពីមានកិច្ចពិភាក្សារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាកាលពីឆ្នាំមុន ដោយភាគីនយោជកនិងតំណាងកម្មករសម្រេចទទួលយកកាលការតម្លើងប្រាក់ខែគោលពីចំនួន១៧០ដុល្លារនៅឆ្នាំ២០១៨ មកដល់១៧៧ដុល្លារនៅឆ្នាំ២០១៩ ប៉ុន្តែរដ្ឋាភិបាលបានសម្រេចបន្ថែមឱ្យ៥ដុល្លារទៀត ដោយស្មើនឹងចំនួន១៨២ដុល្លារ។ 

ការចរចាប្រាក់ឈ្នួលរបស់កម្មករចាប់ផ្តើមពិភាក្សាជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៤មក គឺ ក្រោយមានព្រឹត្តិការណ៍បាញ់បង្ក្រាបដោយហិង្សាលើក្រុមកម្មករដែលទាមទារប្រាក់ឈ្នួល១៦៦ដុល្លារកាលពីដើមឆ្នាំ២០១៤ ដែលបណ្តាលឱ្យកម្មករជាច្រើនាក់ស្លាប់ និងរបួស ហើយអាជ្ញាធរបានចាប់កម្មករ តំណាងសហជីព និងអង្គការសង្គមស៊ីវិលជាង២០នាក់ដាក់ពន្ធនាគារនាពេលនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស