31 C
Phnom Penh

ខួបលើកទី៦៨ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជាក្រោមការលាក់បាំងប្រវត្តិពិតមួយចំនួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅក្នុង​មហា​សន្និបាទ​រំលឹក​ខួប​លើក​ទី​៦៨​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ព្រឹក​នេះ​ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ ​បាន​បង្ហាញ​អំពី​ប្រវត្តិ​ នៃ​សកម្មភាព​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ដឹកនាំ​ប្រកប​ដោយ​ភាព​ក្លាហាន​ ឥត​រាថយ​នៅ​គ្រប់​ដំណាក់​កាល​ធំៗ​នៃ​ប្រវត្តិ​សាស្ដ្រ។​

លោក​បាន​លើក​ឡើង​ថា​ គណបក្ស​មួយ​នេះ​មាន​ប្រភព​កើត​ចេញ​ពី​ចលនា​តស៊ូ​ស្នេហាជាតិ​របស់​ប្រជាជន​កម្ពុជា​ដើម្បី​ប្រឆាំង​អាណានិគម​និយម​បារាំង​ដើម្បី​ឯករាជ្យ​ជាតិ​ ហើយ​បាន​ពុះពារ​ឆ្លងកាត់​រាល់​ឧបសគ្គ​ច្រើន​រាប់​មិន​អស់​នៅ​លើ​កំណាត់​ផ្លូវ​យ៉ាង​វែង​ឆ្ងាយ​ រហូត​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​និង​ប្រជាជន​ទទួល​បាន​នូវ​សន្តិភាព​ និង​មាន​ការ​អភិវឌ្ឍន៍​​ប្រកប​ដោយ​មោទន​ភាព​ជា​ទី​បំផុត។​

លោក​បញ្ជាក់​ថា ​គណបក្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី​២៨​ខែ​មិថុនា​ ឆ្នាំ​១៩៥១​និង​បាន​ប្តូរ​ឈ្មោះ​មក​ជា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​១៩៩១​ ប៉ុន្តែ​ប្រធាន​គណបក្ស​រូប​នេះ​មិន​បាន​បង្ហាញ​ពី​សាវតា​លម្អិត​នៃ​បក្ស​របស់​ខ្លួន​ឡើយ។ ​

ឯកសារ​ប្រវត្តិ​សាស្ត្រ​របស់​ប្រវត្តិ​វិទូ​មួយ​ចំនួន​ រួម​មាន​លោក​ដេវីត ឆានល័រ​(Devid Chandler)​ជា​ដើម​​បាន​ឱ្យ​ដឹង​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី ​២​៨ខែ​មិថុនា​ឆ្នាំ​១៩៥១។ ​ គណបក្ស​នេះ​មាន​ឈ្មោះ​ដើម​ថា ​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​សឺន ង៉ុកមិញ​ហៅ​អាចារ្យ មៀន ​ដែល​មាន​ស្រុក​កំណើត​នៅ​កម្ពុជា​ក្រោម ​និង​ជា​អតីត​សមាជិក​បក្ស​កុម្មុយនីស្ត​ឥណ្ឌូ​ចិន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ហូ ជី មិញ​(Ho Chi Minh)​តាំង​ពី​ឆ្នាំ​១៩៣០។​

បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​ បង្កើត​ឡើង​ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​យួន​កុម្មុយនីស្ត​វៀតមិញ​ដើម្បី​បណ្ដេញ​អាណានិគម​និយម​បារាំង​ចេញ​ឲ្យ​អស់​ពី​ភូមិភាគ​ឥណ្ឌូចិន។ ​ ចលនា​នេះ​បាន​ធ្វើ​ការ​តស៊ូ​ជា​របៀប​ទ័ព​ព្រៃ​ប្រឆាំង​បារាំង រហូត​ដល់​ឆ្នាំ​១៩៥៤។​

ក្រោយ​មក​មហា​ក្នុង​សន្និបាត​បក្ស​លើក​ទី​២ ​បក្ស​មួយ​នេះ​ ត្រូវ​បាន​សម្រេច​ប្តូរ​ឈ្មោះ​ទៅ​ជា​បក្ស​ពលករ​កម្ពុជា​ នា​ខែ​កញ្ញា​ឆ្នាំ​១៩៦០ ​ក្រោម​ការ​ដឹកនាំ​របស់ ​លោក​ទូ សាមុត ​ជា​លេខា​បក្ស​ពេល​នោះ។​

នៅ​ឆ្នាំ​១៩៦២ ​ ​លោក​ទូ សាមុត​ឬ​អាចារ្យ​សុខ​ដែល​មាន​ស្រុក​កំណើត​នៅ​កម្ពុជា​ក្រោម​ដែរ​នោះ ​ត្រូវ​បាន​បាត់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​យ៉ាង​អាថ៌​កំបាំង។​

ក្រោយ​មក​នៅ​ខែ​កុម្ភៈ​ឆ្នាំ​១៩៦៣ ​ បក្ស​ពលករ​កម្ពុជា​បាន​ធ្វើ​មហា​សន្និបាត​បក្ស​​ជា​លើក​ទី​៣ ​ដោយ​អង្គ​មីទ្ទីង​ពេល​នោះ​សម្រេច​តែង​តាំង ​លោក​សាឡុត ស​ ហៅ ប៉ុល ពត ​ឲ្យ​ធ្វើ​ជា​អគ្គ​លេខាធិការ​បក្ស។ ​៣​ឆ្នាំ​ ក្រោយ​មក​ពោល​គឺ​នៅ​ឆ្នាំ​១៩៦៦​ ដោយ​ចង់​ផ្តាច់​ខ្លួន​ចេញ​ពី​បក្ស​កុម្មុយនីស្ត​រៀតណាម​​ ប៉ុល ពត​បាន​សម្រេច​ប្តូរ​ឈ្មោះ​​បក្ស​របស់​ខ្លួន​ពី​បក្ស​ពលករ​កម្ពុជា​ទៅ​ជា​បក្ស​កុម្មុយនីស្ត​កម្ពុជា ​តែ​ម្តង។ ​

បក្ស​កុម្មុយនីស្ត​កម្ពុជា​ឬ​ក្រុម​ខ្មែរ​ក្រហម ​ដែល​ដឹកនាំ​ដោយ ​ប៉ុល ពត​ ឬ​បង​ធំ​ទី​១​ នេះ​ បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​ក្រោយ​ការ​ផ្តួល​រំលំ​របប​សាធារណ​រដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ​លន់ នល់ ​ពី​ខែ​មេសា​ឆ្នាំ ​១៩៧៥ ​រហូត​ដល់​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​១៩៧៩​នៅ​ពេល​ដែល​វៀតណាម​ លើក​ទ័ព​ចូល​ឈ្លានពាន​កម្ពុជា ​រួច​លើក​បន្តុប​រដ្ឋាភិបាល​ថ្មី​ឬ​រដ្ឋាភិបាល​អាយ៉ង​ពេល​នោះ​ដោយ​មាន​សមាស​ភាព​ខ្មែរ​កុម្មុយនីស្ត ​និង​កម្មាភិបាល​ខ្មែរ​ក្រហម​មួយ​ចំនួន​ដូច​ជា លោក​ប៉ែន សុវណ្ណ​លោក​ចាន់ ស៊ី ​លោក​ហ៊ុន សែន ​លោក​ជា ស៊ីម​និង​លោក​ហេង សំរិន​ជាដើម។​

 

 

នៅ​ខែ​មករា​ឆ្នាំ​១៩៧៩ ​ រណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ដែល​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២​ខែ​ធ្នូ​ឆ្នាំ​១៩៧៨​នោះ ​បាន​រៀបចំ​មហា​សន្និបាត​បក្ស​កុម្មុយនីស្ត​កម្ពុជា ​ដោយ​រៀបចំ​រចនា​សម្ព័ន្ធ​ដឹកនាំ​បក្ស​នេះ​ឡើង​វិញ​ ដោយ​សម្រេច​ប្តូរ​ឈ្មោះ​យក​ឈ្មោះ​ដើម​វិញ​គឺ​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​ និង​ប្រើ​ប្រាស់​ឈ្មោះ​ដើម​នេះ​ចាប់​តាំង​ពី​ខែ​មករា​ឆ្នាំ​១៩៧៩ ​ រហូត​ដល់​ឆ្នាំ​១៩៩១ ​នៅ​​ពេល​ដែល​ឈ្មោះ​នេះ​ត្រូវ​បាន​គេ​ប្ដូរ​ទៅ​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​លាង​ខ្លួន​ឱ្យ​ស្អាត​ ដោយ​មិន​ចង់​ឱ្យ​គេ​ដឹង​អំពី​ឫសកែវ​កុម្មុយនីស្ត ​និង​ខ្មែរ​ក្រហម​របស់​ខ្លួន​ ហើយ​ឈ្មោះ​បក្ស​ថ្មី​នេះ​ត្រូវ​បាន​គេ​ស្គាល់​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន។​

អគ្គលេខាធិការ​បក្សនេះ​រួម​មាន​ លោក​ប៉ែន សុវណ្ណ​ត្រូវ​បាន​គណបក្ស​ជ្រើស​តាំង​​ចាប់​ពី​ឆ្នាំ​១៩៧៩ ​រហូត​ដល់​ពេល​លោក​ត្រូវ​បាន​វៀតណាម​ចាប់​ខ្លួន​នៅ​ឆ្នាំ​១៩៨១។ ​បន្ទាប់​មក​លោក​ហេង សំរិន​ដឹកនាំ​បន្ត​រហូត​ដល់​ឆ្នាំ​១៩៩១។ ​ ហើយ​លោក​ជា ស៊ីម​ក៏​បាន​ដឹក​នាំ​ពី​ឆ្នាំ​១៩៩១​ រហូត​ទល់​ពេល​លោក​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​៨​ខែ​មិថុនា​ឆ្នាំ​២០១៥។ ​ចាប់ពី​ថ្ងៃ​ទី​២០​មិថុនា​២០១៥​ តំណែង​ជា​អគ្គ​លេខា​បក្ស​ឬ​ជា​ប្រធាន​បក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​ទៅ​លើ​កណ្តាប់​ដៃ​របស់​លោក​ហ៊ុន សែន​ដឹក​នាំ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន៕​ ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស