31 C
Phnom Penh

សកម្មជនបរិស្ថានរកឃើញថា សំណង់អគារធំៗចំនួន៥នៅខេត្តព្រះសីហនុ សាងសង់ខុសច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្ម​ជន​បរិស្ថាន​បាន​អះអាង​ថា ​សំណង់​អគារ​ធំៗ​ចំនួន​៥​ នៅ​ខេត្ត​ព្រះ​សីហនុ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ខុស​ច្បាប់​និង​ផ្ទុយ​ពី​សារាចរ​របស់​រដ្ឋាភិបាល។​

វីដេអូ​ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​អង្គការ​មាតា​ធម្មជាតិ​យុវជន​ស្រឡាញ់​បរិស្ថាន ​លោក​លី ចាន់ដារ៉ាវុធ​បាន​លើក​ឡើង​ថា ​គ្រាន់តែ​នៅ​តំបន់​ឆ្នេរ​ឯករាជ្យ​មួយ​ប៉ុណ្ណោះ​គឺ​មាន​សំណង់​អគារ​ចំនួន​៥​ បាន​សាងសង់​ដោយ​ខុស​ច្បាប់​ និង​ផ្ទុយ​ពី​សារាចរណ៍​ណែនាំ​ស្តីពី​ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា។ ​សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​ស្តីពី​ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​កាលពី​ឆ្នាំ​២០១២​ហាម​ដាច់​ខាត​មិន​ឲ្យ​មាន​ការ​សាងសង់​ណា​មួយ​ក្នុង​ចំងាយ​ ១០០​ម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​ដោយ​គិត​ចាប់​ពី​ចំណុច​ទឹក​ជោរ​នៃ​ទឹក​សមុទ្រ។​

យុវជន​លី ចាន់ដារ៉ាវុធ​បាន​អះអាង​ថា ​អគារ​ចំនួន៥​កំពុង​សាងសង់​នៅ​ឆ្នេរ​ឯករាជ្យ ​ដែល​ផ្ទុយ​ពី​សារាចរ​របស់​រដ្ឋាភិបាល​ និង​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ ​រួម​មាន​សណ្ឋា​គារ ​និង​កាស៊ីណូ ​Xihaohui Palace​ ដែល​បាន​សាងសង់​ចម្ងាយ​​តែ​១៩​ម៉ែត្រ​ប៉ុណ្ណោះ​ពី​សមុទ្រ​ ឬ​កំរិត​ទឹក​ជោរ​ រីឯ​អគារ​យក្ស​ឈ្មោះ​Blue Bay​នៅ​កសាង​ចំងាយ​៥៥​ម៉ែត្រ។​

ដោយ​ឡែក ​សណ្ឋាគារ​និង​កាស៊ីណូ​ខ្នាត​យក្ស​ឈ្មោះ ​Sunshine  Bay ​កសាង​ចម្ងាយ​៤៥​ម៉ែត្រ ​និង​សណ្ឋាគារ ​Novotel Holiday Palace​ សាងសង់​ចម្ងាយ​១៦​ម៉ែត ​និង​អគារ​កាស៊ីណូ​Holiday Palace ​កសាង​​ចម្ងាយ​​១៨​ម៉ែត្រ​ពី​កម្រិត​ទឹក​ជោរ។​

យុវជន​ដដែល​បញ្ជាក់​ថា ​ការ​សាងសង់​សំណង់​ទាំង​នោះ​ គឺធ្វើ​ឡើង​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ ​និង​ច្បាប់​ភូមិបាល​ស្តីពី​តំបន់​ឆ្នេរ​ ហើយ​លោក​ក៏​បាន​ផ្ញើ​វីដេអូ​នេះ​ទៅ​កាន់​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយ​កម្ម​និង​សំណង់​លោក​ជា សុផារ៉ា​ដោយ​ចោទ​ជា​សំណួរ​ថា​ ហេតុ​អ្វី​បាន​ជា​មាន​ការ​អនុញ្ញាត​ឱ្យមាន​ការ​សាងសង់​អគារ​ទាំង​នេះ​នៅ​តំបន់​ឆ្នេរ​ដី​សាធារណៈ​របស់​រដ្ឋ​ជា​បន្ត​បន្ទាប់​បាន?​

យុវជន​រូប​នេះ​ដាក់​ការ​សង្ស័យ​ថា​ នេះ​ប្រហែល​មក​ពី​មូលហេតុ​អសមត្ថ​ភាព​របស់​លោក​ជា សុផារ៉ា​និង​ការ​ឃុបឃិត​គ្នា​ដើម្បី​លក់​ដី​ឆ្នេរ​សមុទ្រ​របស់​យើង​ទាំងអស់​គ្នា​តែ​ម្តង។​ យ៉ាងណា​មន្ត្រី​នាំពាក្យ​សាលា​ខេត្ត​ព្រះ​សីហនុ​លោក​ឃាង ភារម្យ​អះអាង​ថា​ ក្រុម​ការងារ​អន្តរ​ក្រសួង​កំពុង​ស្រាវ​ជ្រាវ​អំពី​បញ្ហា​ទាំង​នេះ ​ដោយ​រង់ចាំ​មើល​ចំណាត់​ការ​របស់​អាជ្ញាធរ​រដ្ឋ​ជុំវិញ​បញ្ហា​ទាំង​នោះ​ផង​ដែរ។​

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បានបញ្ជា​ឲ្យ​រដ្ឋ​មន្ដ្រី​ក្រសួង​រៀបចំ​ដែនដី​លោក​ជា សុផារ៉ា​បង្កើត​គណៈ​កម្មការ​ជាតិ​បន្ទាន់​មួយ​ ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​ និង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ​ចំពោះ​សំណង់​អគារ​ទាំង​ឡាយ​នៅ​ខេត្ត​ព្រះ​សីហនុ​និង​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សំណង់​អគារ​ដែល​សាងសង់​ឡើង​ដោយ​ខុស​ច្បាប់។​

ការ​បញ្ជា​របស់​លោក​ហ៊ុន សែន​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​មាន​ព្រឹត្តិ​ការណ៍​បាក់​រលំ​អគារ​របស់​ជនជាតិ​ចិន​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​នេះ ​កាល​ពី​ថ្ងៃ​ទី​២២​មិថុនា ​ដែល​បណ្តាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចំនួន​២៨​នាក់​ស្លាប់​       និង​រង​របួស​ចំនួន​២៦​នាក់៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស