ថ្លែងពីទីក្រុងព្រុចហ្សែលប្រទេសបែលហ្សិក អតីតប្រធានគណបក្សសង្រ្គោះជាតិលោកសម រង្ស៊ីបានប្រកាសឱ្យពលរដ្ឋ ជាពិសេសកម្មករទាំងអស់ត្រូវត្រៀមលក្ខណៈដើម្បីធ្វើបាតុកម្មប្រឆាំងលោកហ៊ុន សែនប្រសិនបើលោកមិនព្រមដោះលែងលោកកឹម សុខានិងមិនព្រមឱ្យគណបក្សសង្រ្គោះជាតិរស់ឡើងវិញដែលបណ្តោយឱ្យ កម្ពុជារងទណ្ឌកម្មសេដ្ឋកិច្ចពីអន្តរជាតិ តាមរយៈការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBAរបស់អឺរ៉ុបជាជំហានដំបូងនោះ។
អតីតមេដឹកនាំគណបក្សប្រឆាំងដដែលបានប្រកាសថ្កោលទោស លោកហ៊ុន សែន ប្រសិនបើកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបមែននោះ។ ថ្លែងតាមរយៈវីដេអូបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃម្សិលមិញ លោកសម រង្ស៊ីបានរុញការទទួលខុសត្រូវទាំងស្រុងទៅលើរដ្ឋាភិបាលរបស់លោកហ៊ុន សែន ប្រសិនបើកម្ពុជាប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នោះ។
លោកសម រង្ស៊ីបន្តថា ដើម្បីរក្សាប្រព័ន្ធEBA និងធានាការងារជូនកម្មករនោះ រដ្ឋាភិបាលលោកហ៊ុន សែនគ្រាន់តែអនុវត្តការងារងាយៗមួយចំនួន ដូចជាដោះលែងប្រធានគណបក្សសង្រ្គោះជាតិលោកកឹម សុខានិងបើកផ្លូវឱ្យគណបក្សនេះរស់ឡើងវិញ ដោយបើកលំហូរប្រជាធិបតេយ្យនិងគោពសិទ្ធិមនុស្សពិតប្រាកដ។
លោកបន្ថែមថា ប្រសិនបើលោកហ៊ុន សែនមិនព្រមធ្វើតាមសំណើរបស់អឺរ៉ុបទេគឺលោកហ៊ុន សែនហ្នឹងហើយដែលជាអ្នកទទួលខុសត្រូវ ចំពោះបញ្ហាធ្វើឲ្យកម្មករបាត់បង់ការងារនិងធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាក។ យ៉ាងណាក៏ដោយ កាលពីពេលកន្លងមកលោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បានព្រមានហើយថា ប្រសិនបើមានទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិមែននោះ លោកនឹងសម្លាប់ក្រុមប្រឆាំងឱ្យអស់ ដោយមិនចាំបាច់និយាយអំពីលទ្ធិប្រជាធិបតេយ្យទៀតនោះឡើយ។
លើសពីនេះទៅទៀត លោកបានព្រមានទៀតថា ក្រុមបក្សប្រឆាំងហ៊ានងើបមួយ វាយមួយ ដោយមិនអនុញ្ញាតឱ្យក្រុមនេះមានកម្លាំងរៀបចំបណ្តាញខ្លួនចូលរួមបោះឆ្នោតឆ្នាំ២០២២និង២០២៣ នោះឡើយ ក្រោមហេតុផលនៃការអនុវត្តច្បាប់។
មិនតែប៉ុណ្ណោះលោកបានប្រកាសពីកំណែទម្រង់របស់ខ្លួន ដើម្បីត្រៀមទប់ទល់នឹងការដកហូតប្រព័ន្ធអនុគ្រោះពន្ធណាមួយពីសំណាក់អន្តរជាតិផងដែរ ដោយលោកអះអាងថា មិនសុខចិត្តអោនក្បាលដាក់បរទេសជាថ្នូរនឹងបញ្ហាសេដ្ឋកិច្ចនោះឡើយ។
ទោះបីជាយ៉ាងនេះក្តី អ្នកវិភាគនយោបាយលោកគឹម សុខបានលើកឡើងនៅលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃនេះដោយចោទជាសំណួរថា តើលោកហ៊ុន សែន ឆ្លាត ឬឆោតល្ងង់ ពាក់ព័ន្ធរឿងពាណិជ្ជកម្មរវាងកម្ពុជានិងសហភាពអឺរ៉ុប?
លោកថា បញ្ហាដែលកំពុងតែបន្តកើតមានគឺសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកដាក់សម្ពាធលើរបបផ្ដាច់ការរបស់លោកហ៊ុន សែនឲ្យប្រែដំណើរកម្ពុជាត្រឡប់ទៅកាន់ប្រជាធិបតេយ្យវិញ បើពុំនោះទេ នយោបាយក្តោបក្តាប់អំណាចរបស់លោកហ៊ុន សែនត្រូវទទួលខុសត្រូវលើករណីកម្ពុជាប្រឈមនឹងការបាត់បង់អត្ថប្រយោជន៍EBA របស់អឺរ៉ុបនិងGSPរបស់អាមេរិកដោយប្រព័ន្ធអនុគ្រោះពន្ធទាំងនេះបានផ្តល់ប្រយោជន៍ដល់កម្ពុជាក្នុងមួយឆ្នាំៗសរុបខ្ទង់ពាន់លានដុល្លារសហរដ្ឋអាមេរិក។
លោកថា មេដឹកនាំបណ្តាប្រទេសក្នុងតំបន់អាស៊ានមួយចំនួន រួមមានវៀតណាមជាដើមនោះគេកំពុងទាញផលប្រយោជន៍ពីពាណិជ្ជកម្មជាមួយអឺរ៉ុបនិងអាមេរិក ដោយឡែកលោកថា កម្សត់អ្វីតែកម្ពុជាត្រូវលោកហ៊ុន សែនអួតអំពីសេដ្ឋកិច្ចរបៀបយោធា ដោយអូសកម្ពុជាទីណាត់ទីណែងក្នុងល្បែងនយោបាយគាត់យកប្រទេសជាតិនិងប្រជារាស្ត្រជាឧបករណ៍ការពារអំណាចផ្ដាច់ការនិង មហាពុករលួយ។
លោកមើលឃើញថា ការដឹកនាំរបស់លោកហ៊ុន សែនដើម្បីតែអំណាចអញ ខ្លួនឯង ហើយកំពុងតែអូសទាញកម្ពុជាទៅរកការបាត់បង់ប្រយោជន៍ពាន់លានដុល្លារពីEBAនិងGSPផងដែរ៕