អ្នកវិភាគនយោបាយសង្គមលោកគឹម សុខអះអាងថា ទីបំផុតលោកហ៊ុន សែនបានទទួលស្គាល់សម្ដីលោកលី សៀនឡុងហើយលោកហ៊ុន សែននិយាយដូចលោកខៀវ សំផនអ៊ីចឹងដែរ។
អ្នកវិភាគរូបនេះបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ទីបំផុត លោក ហ៊ុន សែនព្រមទទួលស្គាល់ការណ៍ពិតដែលពិភពលោកដឹងឮ ខណៈលោក លី សៀនឡុងនាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរី នៅតែប្រកាន់ពាក្យសម្តីរបស់លោកថា វៀតណាមបានលើកទ័ពលុកលុយឈ្លានពានកម្ពុជាកាលពីជាង៤០ឆ្នាំមុន។
កាលពីថ្ងៃទី២៣ខែមិថុនាកន្លងទៅនេះ លោកហ៊ុន សែននិងលោកងៀង ស៊ុនហ្វុកនាយករដ្ឋមន្រ្តីនៃប្រទេសវៀតណាម បានសុំជួបជាមួយលោកលី សៀនឡុងនៅក្រៅជំនួបលើកទី៣៤ក្នុងទីក្រុងបាងកក ហើយលោកហ៊ុន សែន និយាយថាការខ្វែងគំនិតគ្នារវាងរូបលោក និងលោកលី សៀនឡុងករណីកងទ័ពទីក្រុងហាណូយដែលលើកទ័ពចូលប្រទេសកម្ពុជាក្នុងគ្រានោះ មិនអាចនរណាកែប្រែគំនិតយល់របស់នរណាទៀតឡើយ ហើយគួរតែទុកបញ្ហានេះឲ្យនៅដោយឡែក។ លោកហ៊ុន សែនបន្តថា ទុកអតីតកាលជារបួសចាស់ចុះ កុំទៅឆ្កឹះ ហើយយើងកាន់ដៃគ្នាឆ្ពោះទៅរកការអភិវឌ្ឍ។
ប៉ុន្តែលោកគឹម សុខអះអាងថា កាលលោក ខៀវ សំផនបានចូលមកភ្នំពេញជាលើកដំបូង កាលក្នុងខែវិច្ឆិកាឆ្នាំ១៩៩១ ក្រោមកិច្ចព្រមព្រៀងក្រុងប៉ារីស២៣តុលា១៩៩១ អតីតប្រធានរដ្ឋកម្ពុជាប្រជាធិបតេយ្យបាននិយាយថា សូមឲ្យបំភ្លេចរឿងកាលពីអតីតកាល ដែលកន្លងហួសឲ្យវាហួសទៅ។
សារព័ត៌មាន Straits Times របស់ប្រទេសសិង្ហបូរី បានដកស្រង់សម្តីលោកលី សៀនឡុងចុះផ្សាយថា ជាធម្មតាជំហររបស់មេដឹកនាំប្រទេសវៀតណាម និងកម្ពុជាខុសពីលោកហើយលោកមិនរំពឹងថា នឹងអាចផ្លាស់ប្តូរគំនិតរបស់ពួកគេបានទេ ហើយពួកគេក៏មិនរំពឹងថា សិង្ហបូរីនឹងអាចផ្លាស់ប្តូរគំនិតរបស់ខ្លួនលើបញ្ហានេះបានដែរ។
កាលពីចុងខែឧសភា លោកលី សៀនឡុងបានសរសេរនៅលើហ្វេសប៊ុករបស់លោកថា អតីតនាយករដ្ឋមន្ត្រីថៃលោកព្រេម ទីនស៊ូឡាណន់(Prem Tinsulanonda)ដែលស្លាប់កាលពីថ្ងៃទី២៦ ខែឧសភានោះ បានដើរតួនាទីសំខាន់ក្នុងការប្រឆាំងវៀតណាមដែលចូលឈ្លានពានកម្ពុជានៅដើមឆ្នាំ១៩៧៩។ ក្រោយការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីសិង្ហបុរីនេះ មានប្រតិកម្មបន្តបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា និងវៀតណាម។
ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមអ្នកស្រីLe Thi Thu Hangបានតវ៉ាថា ការថ្លែងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីនេះ មិនឆ្លុះបញ្ចាំងពីការណ៍ពិតនោះទេ។ អ្នកស្រីអះអាងថា អន្តរាគមន៍កងទ័ពវៀតណាមពេលនោះគឺវៀតណាមជួយដោយស្មោះចង់បញ្ចប់របបប្រល័យពូជសាសន៍នៅកម្ពុជា។ មួយថ្ងៃក្រោយមក លោកហ៊ុន សែន អះអាងថា ការថ្លែងរបស់លោកលោកលី សៀនឡុងគឺជាការគាំទ្ររបបប្រល័យពូជសាសន៍ខ្មែរក្រហម និងជាការប្រមាថដល់អាយុជីវិតប្រជាជនខ្មែរ។
ទោះជាយ៉ាងណាក៏ដោយ សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរបានគាំទ្រសម្តីរបស់លោកលី សៀនឡុង។ ក្រុមនេះបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១៧ខែមិថុនាថា ក្រោយពេលវៀតណាមបញ្ជូនកងទ័ពជាង២០ម៉ឺននាក់មករំដោះកម្ពុជាពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម វៀតណាមមិនព្រមដកកងទ័ពត្រឡប់ទៅវិញ ភ្លាមៗឡើយ ដោយរង់ចាំ១០ឆ្នាំក្រោយ ទើបដកទ័ពចេញ។
សមាគមនេះបញ្ជាក់ថា វៀតណាមបានរៀបរចនាសម្ព័ន្ធគ្រប់គ្រងកម្ពុជា ដែលរំលោភទៅនឹងច្បាប់អន្តរជាតិយ៉ាងពិតប្រាកដ ហើយថា វៀតណាមបានបង្ខំឲ្យរដ្ឋាភិបាលខ្មែរពេលនោះដែលលើកបន្តុបដោយវៀតណាម ចុះហត្ថលេខាទទួលយក ដែលបានកាត់កោះត្រល់របស់ខ្មែរ ឱ្យទៅប្រទេសវៀតណាមបង្ខំឱ្យកម្ពុជាអនុវត្តផែនការក៥រួមទាំងការបញ្ជូនអន្តោប្រវេសន៍វៀតណាមរាប់ម៉ឺននាក់មករស់នៅកម្ពុជាដោយខុសច្បាប់ទៀតផង៕