រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកថៃ នរៈសត្យាត្រូវបានព្រះមហាក្សត្រកម្ពុជាត្រាស់បង្គាប់បញ្ចប់មុខតំណែងរបស់ខ្លួនកាលពីម្សិលមិញតាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែលទើបនឹងផ្សព្វផ្សាយនៅថ្ងៃនេះ។
ព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោកថៃ នរៈសត្យាត្រូវបានផ្សាយជាសាធារណៈ ក្រោយពេលលោកបានបង្ហាញការឈឺចាប់របស់ខ្លួន ជាមួយនឹងភរិយាដើមរបស់លោកនិងបានបង្ហាញរឿងអាស្រូវរបស់មនុស្សស្និទ្ធនឹងលោកហ៊ុន សែនគឺលោកដួង តារា។
លោកថៃ នរៈសត្យាបានលើកឡើងនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃម្សិលមិញថា លោកដួង តារា ដែលជាមនុស្សពូកែផ្នែក ITនោះហើយជាអ្នកចូលរួមចំណែកបំផ្លាញសុភមង្គលគ្រួសាររបស់លោកតាមរយៈការចូលរួមបំផ្លាញវីឡារបស់កូនៗរបស់លោកឱ្យក្លាយទៅជាកន្លែងខារ៉ាអូខេ និងបំផ្លាញបន្ថែមទៀតឱ្យក្លាយទៅជាផ្ទះល្វែង។
លោកដួង តារាត្រូវបានគេស្គាល់តាមរយៈការបង្ហាញសកម្មភាពមនុស្សធម៌មួយចំនួននៅលើបណ្តាញសង្គមហើយលោកត្រូវបានគេដឹងថា ជាសមាជិកម្នាក់គ្រប់គ្រងទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែនផងដែរ។ ក្រោយការបញ្ចេញរឿងអាស្រូវរបស់ភរិយានិងមនុស្សស្និទ្ធនឹងលោកហ៊ុន សែនមិនបានប៉ុន្មានម៉ោងផង រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរូបនេះ ក៏ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងតែម្តង។
ដោយឡែកលោកដួង តារាបានឆ្លើយតបនឹងការចោទប្រកាន់មកលើខ្លួន នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះថា ការចោទប្រកាន់ទាំងឡាយមកលើរូបលោកពីសំណាក់លោកថៃ នរៈសត្យាគឺជារឿងមិនសមរម្យ ហើយមានចេតនាមួលបង្កាច់បង្ខូចឈោ្មះនិងកិត្តិយសរបស់លោកតែប៉ុណ្ណោះ។ លោកបង្ហាញការសោកស្តាយចំពោះរឿងគ្រួសាររបស់លោកថៃ នរៈសត្យា ហើយថា លោកអនុគ្រោះចំពោះការចោទប្រកាន់ខ្លួនពីសំណាក់អតីតរដ្ឋលេខាធិការក្រសួងវប្បធម៌រូបនេះគ្រប់ពេល។
លោកថៃ នរៈសត្យាបានទទួលតំណែងជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតាំងពីឆ្នាំ២០១១មកម្ល៉េះ៕