33 C
Phnom Penh

ក្រុម​អ្នក​សារ​ព័ត៌មាន​ចេញ​លិខិត​ចំហ​ស្នើ​សាលា​ឧទ្ធរណ៍​ទម្លាក់​ចោល​បទចោទ​អតីត​បុគ្គលិក​RFA​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​សារ​ព័ត៌មាន​ជាង​៥០​នាក់​នៅ​ថ្ងៃ​ទី​២០​ខែ​មិថុនា​នេះ​ បាន​រួម​គ្នា​សរសេរ​លិខិត​ចំហ​ ស្នើ​ឲ្យ​សាលា​ឧទ្ធរណ៍​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ និង​បញ្ចប់​ការ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​តុលាការ​លើ​អតីត​បុគ្គលិក​អាស៊ី​សេរី​ពីរ​រូប។​

ក្រុម​អ្នក​សារ​ព័ត៌មាន​បាន​លើក​ឡើង​ថា​ ការ​ចោទ​ប្រកាន់​ទៅ​លើ​អតីត​អ្នក​សារ​ព័ត៌មាន​អាស៊ីសេរី​គឺ​ជា​ការ​ចោទ​ប្រកាន់​ដ៏«ធ្ងន់ធ្ងរ» ​ហើយ​ថា​ ការ​ចោទ​ប្រកាន់​បែប​នេះ​កំពុង​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​អ្នក​សារ​ព័ត៌មាន​ដែល​កំពុង​បំពេញ​វិជ្ជា​ជីវៈ​ និង​ធ្វើ​ឱ្យ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ។​

អ្នក​សារ​ព័ត៌មាន​លើក​ឡើង​ថា ​ដ្បិត​អតីត​បុគ្គលិក​របស់​អាស៊ី​សេរី​ បាន​ដោះ​លែង​ឱ្យនៅ​ក្រៅឃុំ​ក្តី​ប៉ុន្តែ​ពួក​គេ​នៅ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ដែល​ធ្វើឱ្យ​ពួក​គាត់​ពិបាក​ក្នុង​ការ​រស់​នៅ​និង​មិន​អាច​បំពេញ​ការងារ​ជា​អ្នក​កាសែត​បន្ត​ទៀត​បាន។ ​លើស​ពី​នេះ​ ពួក​គេ​មិន​អាច​ផ្លាស់​ប្តូរ​ទីលំនៅ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពីចៅ​ក្រម​ស៊ើប​សួរ​ មិន​អាច​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ និង​ត្រូវ​បង្ហាញ​ខ្លួន​ជា​រៀង​រាល់ ​ខែ​នៅ​ប៉ុស្តិ៍​នគរ​បាល​ទៀត​ផង។​

សំណើ​របស់​អ្នក​សារ​ព័ត៌មាន​បែប​នេះ​ ធ្វើ​ឡើង​មួយ​ថ្ងៃ​​មុន​​សាលា​ឧទ្ធរណ៍​គ្រោង​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​បណ្តឹង​ទាស់​របស់​អតីត​បុគ្គលិក​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២១​មិថុនា​ស្អែក​នេះ។​ អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​​អាស៊ីសេរី​លោក​អ៊ួន ឈិន​និង​លោក​យាង សុធារិន​ហៅ​យាង សុជាមេត្តា​ត្រូវ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចោទ​ប្រកាន់​តាម​មាត្រា​៤៤៥​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ពីបទ​«ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​បង្ក​ឲ្យ​មាន​ការ​អន្តរាយ​ដល់​ការ​ការ​ពារ​ជាតិ»។​

ពួកគេ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅឃុំ​ កាលពី​ចុង​ខែ​សីហា ​ឆ្នាំ​២០១៨​ កន្លង​ទៅ​ក្រោយ​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​៩​ខែ។​ ក៏ប៉ុន្តែ​សេរីភាព​ដែល​ទទួល​បាន​នេះ​មាន​លក្ខណៈ​រឹតត្បិត​នៅ​ឡើយ​ ព្រោះ​តុលាការ​បាន​ដាក់​អ្នក​ទាំង​ពីរ​ក្រោម​ការ​ត្រួត​ពិនិត្យ​ និង​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ឡើយ​ហើយ​សម្ភារៈ​ត្រូវ​បាន​រឹបអូស​ជា​វត្ថុតាង។​

ទាំង​លោក​អ៊ួន ឈិន​និង​លោក​យាង សុធារិន​សុទ្ធ​តែ​ធ្លាប់​លើក​ឡើង​អំពី​បញ្ហា​ប្រឈម​ក្នុង​ការ​រស់​នៅ ​និង​ពិបាក​រក​ការងារ​ធ្វើ ​ព្រោះតែ​ស្ថិត​នៅ​ជាប់​បណ្តឹង​របស់​តុលាការ​នៅ​ឡើយ។ ​ពួក​គេបាន​ស្នើ​ឱ្យ​ តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​​ ដោយ​ថា​ ការ​បន្ត​ដាក់​ពួកគាត់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ គឺធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេរីភាព​ និង​ជីវភាព​របស់​ពួក​គេ។​

លោក​សុធារិន​ដែល​មាន​ស្រុក​កំណើត​នៅ​កម្ពុជា​ក្រោម​បាន​បង្ហាញ​ការ​នឹក​រឭក​ស្រុក​និង​គ្រួសារ​ជាខ្លាំង​ ពិសេស​ចង់​ទៅ​មើល​ឪពុក​បង្កើត​របស់​ខ្លួន​ដែល​កំពុង​មាន​ជំងឺ​នៅ​ឯ​កម្ពុជា​ក្រោម​ប៉ុន្តែ​ខ្លួន​មិន​អាច​ទៅលេង​ឬ​មើល​ថែ​ឪពុក​បាន​ ព្រោះតែ​ជាប់​បម្រាម​របស់​តុលាការ។​

កាលពី​ម្សិលមិញ​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្ដរជាតិ ​Human Rights Watch​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​អះអាង​ថា​ អតីត​បុគ្គលិក​អាស៊ី​សេរី​ទាំង​ពីរ​រូប​គឺ​ជាជន​រង​គ្រោះ​ អំពី​ការ​វាយ​ប្រហារ​មិន​ចេះ​ចប់​ពី​សំណាក់​លោក​ហ៊ុន សែន។​

អង្គការ​អន្តរ​ជាតិ​មួយ​នេះ​បាន​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​និង​បញ្ឈប់​ការដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​បន្ត​ទៀត៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស