28 C
Phnom Penh

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ស៊ើប​អង្កេត​សម្បត្តិ​និង​បំណុល​ស្នងការ​រង​ម្នាក់​ និង​អតីត​មេ​ប៉េអឹមម្នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ឬ​ហៅ​ថា​ អេស៊ីយូ ​(ACU) ​បាន​ចាប់​ផ្ដើម​ស្រាវ​ជ្រាវ​ទ្រព្យ​សម្បត្តិ​របស់​លោក​ឧត្តម​សេនីយ៍​ត្រី ​ស្រេង សុខា​ ស្នងការរង​នគរ​បាល​ខេត្ត​កណ្ដាល។​លោក​សេចក្តី​ជូនដំណឹង​ស្ដីពី​កិច្ច​ប្រជុំ​លើក​ទី​៤៣​អាណត្តិ​ទី​២​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​កាលពី​ថ្ងៃ​ម្សិលមិញ ​ដែល​សារ​ព័ត៌មាន​ The Cambodia Daily​ទទួល​បាន​នៅ​ថ្ងៃ​នេះ​ឱ្យ​ដឹង​ថា ​អង្គភាព​មួយ​នេះ​បាន​ចាប់​ផ្តើម​ស្រាវជ្រាវ​ទ្រព្យ​សម្បតិ្ត​និង​បំណុល​របស់​លោក​ស្រេង សុខា ស្នងការ​រង​នគរបាល​ខេត្ត​កណ្តាល។​

វិធាន​ការ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​លោក​ឧត្តម​សេនីយ៍​ត្រី​ស្រេង សុខា​បាន​ភ្ជាប់​ពាក្យ​ជាមួយ​ស្ត្រី​ម្នាក់​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​កុម្ភៈ ហើយ​បាន​បង្អួត​លុយ​ គ្រឿង​មាស​ពេជ្រ​ ព្រម​ទាំង​រថយន្ត​សេរី​ទំនើប​ដោយ​ថា​ ជា​ថ្លៃ​បណ្តារ​ការ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។ ​ក្រៅពី​ករណី​ស្នងការ​រង​ខេត្ត​កណ្តាល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​បញ្ជាក់​ក្នុង​លិខិត​ដដែល​ថា​ ខ្លួន​បាន​ធ្វើការ​ស៊ើប​អង្កេត​ទ្រព្យ​សម្បត្តិ​និង​បំណុល​របស់​អតីត​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតនគិរី​គឺ​លោក​គឹម រស្មី​ផង​ដែរ។​

អង្គភាព​មួយ​នេះ​ឱ្យ​ដឹង​ថា​ ខ្លួន​បាន​ពិនិត្យ​ទ្រព្យ​សម្បត្តិ​ និង​បំណុល​លោក​ គឹម រស្មី​ព្រមទាំង​ទ្រព្យ​សម្បត្តិ​ប្រពន្ធ​របស់​លោក​គឹម រស្មី ​និង​កូនៗ​ របស់​លោក​ចំនួន​៣​ទៀត​រួច​រាល់​ហើយ ​ប៉ុន្តែ​អង្គភាព​នេះ​នៅ​មិន​ទាន់​ប្រាប់​អំពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​និង​ចំណាត់​ការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ទាំង​នេះ​នៅ​ឡើយ​ទេ។​

ការ​ស៊ើប​អង្កេត​នេះ​ធ្វើ​ឡើង​ ក្រោយ​ពេល​មាន​វីដេអូ​មួយ​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បង្ហាញ​កាល​ពី​ដើម​ខែ​មុន​ថា​ អតីត​មេ​បញ្ជា​ការ​ខេត្ត​រតនគិរី​រូប​នេះ​បាន​ប្រកាស​ចែក​លុយ​ដល់​កូនៗ​របស់​គាត់​នូវ​ទឹក​ប្រាក់​ម្នាក់​​១០​ម៉ឺន​ដុល្លារ​ព្រម​ទាំង​ចែក​ផ្ទះតម្លៃ​រាប់​ម៉ឺន​ដុល្លារ​ទៀត​ និង​ប្រាប់​អំពី​ការ​បញ្ជូន​កូន​របស់​ខ្លួន​ទៅ​រៀន​នៅ​ប្រទេស​សិង្ហ​បុរី​ទៀត​ផង។ ​លោក​​គឹម រស្មី​បច្ចុប្បន្ន​ត្រូវ​បាន​គេស​ង្ស័យ​ថា ​កំពុង​រត់​គេច​ខ្លួន​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ឡាវ។​

ក្រុម​សង្គម​ស៊ីវិល​ធ្លាប់​បាន​ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មួយ​នេះ​បើក​ការ​ស៊ើប​អង្កេត​ករណី​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​កំពូលៗ​ផ្សេង​ទៀត ​ដែល​បាន​ក្លាយ​ជា​សេដ្ឋី​ដែល​មាន​ទ្រព្យធន​ដ៏​មហា​សាល​យ៉ាង​ឆាប់​រហ័ស​មាន​ដីធ្លី​ មាន​ផ្ទះ​រាប់​សិប​កន្លែង ​មាន​របស់​របរ​ប្រើប្រាស់​ទំនើបៗ​តម្លៃ​រាប់​សែន​ដុល្លារ​ ស្រប​ពេល​ប្រាក់​ខែ​មន្ត្រី​រាជការ​បាន​ត្រឹម​តែ​ចិញ្ចឹម​ក្រពះ​ហើយ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ទៀត​ស្ទើរ​តែ​រក​អង្ករ​ច្រក​ឆ្នាំង​មិន​បាន​ផង។​

របាយ​ការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា​ដែល​ចេញ​ផ្សាយ​កាលពី​ចុង​ខែ​មករា​បាន​ឲ្យ​ដឹង​ថា ​កម្ពុជា​នៅ​តែ​ជា​ប្រទេស​មួយ​ដែល​មាន​កម្រិត​អំពើ​ពុករលួយ​ខ្ពស់​បំផុត​នៅ​ក្នុង​ពិភព​លោក​​ដោយ​ទទួល​ចំណាត់​ថ្នាក់​ទី​១៦១​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០​លើ​ពិភព​លោក​ហើយ​ក៏​ជា​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ខ្ពស់​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស