សហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះបានក្រើនរំឭករបបក្រុងភ្នំពេញថា កម្ពុជានៅតែមានឱកាសដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធEBAប្រសិនបើរបបនេះស្តារស្ថានភាពសិទ្ធិមនុស្សនិងលក្ខខណ្ខការងារស្របតាមការទាមទាររបស់សហភាពអឺរ៉ុប។
សេចក្តីថ្លែងការរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាដែលចេញផ្សាយជាសាធារណៈនៅថ្ងៃអង្គារនេះ បានគាំទ្រចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការចាប់ផ្តើមដំណើរការនីតិវិធីផ្អាកប្រព័ន្ធអនុគ្រោះពន្ធផ្អែកពាណិជ្ជកម្មដល់ប្រទេសកម្ពុជា ឬហៅកាត់ថា EBA ដោយសារមើលឃើញថា កម្ពុជាបានដើរថយក្រោយយ៉ាងធ្ងន់ធ្ងរខាងការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារ នៅក្នុងរយៈពេល១៨ ខែកន្លងទៅនេះ។
សហរដ្ឋអាមេរិកបញ្ជាក់ថា អាមេរិកក៏មានការព្រួយបារម្ភដូចសហភាពអឺរ៉ុបដែរ ទាក់ទងនឹងការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិការងារ និងសេរីភាពរបស់អង្គការសមាគម។
សហរដ្ឋអាមេរិកអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សពិតប្រាកដ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។
ជាងនេះទៅទៀត សហរដ្ឋអាមេរិកទាមទារឲ្យរបបលោកហ៊ុន សែនទម្លាក់ចោលបទចោទប្រកាន់លើលោកកឹម សុខា និងការចោទប្រកាន់តាមទំនើងចិត្តទាំងអស់ប្រឆាំងនឹងអ្នកទោសនយោបាយដទៃទៀត ហើយអនុញ្ញាតឲ្យសហជីព សារព័ត៌មានឯករាជ្យ និងក្រុម សង្គមស៊ីវិលដំណើរការដោយគ្មានការរឹតត្បិត។
សហរដ្ឋអាមេរិកបានរំឭកជាថ្មីថា របបក្រុងភ្នំពេញនៅតែមានឱកាសនៅឡើយ នៅក្នុងការចៀសផុតពីទណ្ឌកម្មខាងផ្នែកសេដ្ឋកិច្ច នៃការដកប្រព័ន្ធអនុគ្រោះពន្ធEBAនេះ។
ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបគឺលោកស្រី Cecilia Malmströmបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបកាលពីថ្ងៃច័ន្ទថាវាគួរតែច្បាស់ណាស់ទៅហើយថាវិធានការនៅពេលនេះមិនមែនជាការសម្រេចចុងក្រោយទេហើយក៏មិនមែនជាទីបញ្ចប់នៃដំណើរការនោះដែរ ប៉ុន្តែនាឡិកាដំណើរការដក EBA បានចាប់ផ្តើមជាផ្លូវការ ហើយសហភាពអឺរ៉ុបនឹងឃើញសកម្មភាពជាក់ស្តែងនៅពេលដ៏ឆាប់ខាងមុខនេះ។
ចំណែកសហរដ្ឋអាមេរិកវិញក៏បានប្រាប់ឲ្យរបបលោកហ៊ុន សែនតម្កល់សុខុមាលភាពរបស់ប្រទេសឲ្យខ្ពស់ជាងផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍នយោបាយ។
ប៉ុន្តែលោកហ៊ុន សែន បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃអង្គារនេះថា ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសជាតិសព្វថ្ងៃគឺកំពុងឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ។
លោកបន្តថា កម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខនោះទេ ហើយកម្ពុជាក៏មិនត្រូវយកឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។ លោកអះអាងថា កម្ពុជាចង់ធ្វើជាមិត្តល្អជាមួយបណ្តាប្រទេសដៃគូនានាដែលចង់ឃើញកម្ពុជាកាន់តែរីកចម្រើនទៅមុខពិតប្រាកដ ដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះឡើយ។
ជាងនេះទៅទៀត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសួស យ៉ារ៉ាសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃនេះ ដោយហៅអនុប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រីFederica Mogherini និងប្រធានគណៈកម្មាធិការពាណិជ្ជកម្មសហភាពអឺរ៉ុបអ្នកស្រី Cecilia Malmströmថា ជាជនឆ្វេងនិយមអឺរ៉ុប ដែលកំពុងឃុបឃិតប្រឆាំងពលរដ្ឋក្រីក្រនៅកម្ពុជា។
រីឯនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោកព្រាប កុល បានពន្យល់នៅលើទំព័រហ្វេសប៊ុករបស់លោកថា បើទោះបីជាពេលនេះ កម្ពុជាមិនទាន់បាត់បង់ EBA នៅឡើយទេ ប៉ុន្តែអាចនឹងបាត់បង់ទាំងស្រុងនៅរយៈពេល១២ខែខាងមុខ ប្រសិនបើកម្ពុជាមិនកែរលម្អស្ថានការណ៍នយោបាយនិងសិទ្ធិមនុស្សនោះទេ។
លោកបន្តថា ថ្វីដ្បិតពេលនេះទ្រនិចនាឡិកាចាប់ផ្តើមវិល ហើយបង្ករ ការព្រួយបារម្ភដល់ពាណិជ្ជករ និងប្រជាពលរដ្ឋខ្មែរជាច្រើននាក់ក៏ពិតមែន វាក៏ជាឱកាសមួយសម្រាប់ភាគីនយោបាយពាក់ព័ន្ធអាចជជែកគ្នាដើម្បីស្វែករកដំណោះស្រាយ ដែលអាចឈានទៅបញ្ជៀសការព្យួរ EBAដែរ។ លោកបន្តថា កិច្ចការនេះត្រូវបានចាត់ទុកជាអាទិភាព និងមិនគួរអូសបន្លាយពេលវេលាឡើយ។
លោកបញ្ជាក់ថា បញ្ហា EBAមិនមែនជាបញ្ហាពាក់ព័ន្ធតែជាមួយអ្នកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែវាជាបញ្ហាដែលជះឥទ្ធពលដល់ពលរដ្ឋខ្មែររាប់លាននាក់ និងប៉ះពាល់ដល់អ្នកជំនួញ ឬពាណិជ្ជករ ដែលវិនិយោគនៅកម្ពុជាជាច្រើននាក់។ ដូច្នេះពួកគេមានសិទ្ធិ និងកាតព្វកិច្ចដឹងឮឈឺឆ្អាល និងចូលរួមស្វែងរកដំណោះស្រាយ ដោយមិនគួរនៅស្ងៀមហើយរង់ចាំក្លាយជាជនរងគ្រោះនោះឡើយ។
លោកបន្ថែមថា ជម្រើសនៃដំណោះស្រាយដែលល្អបំផុតគឺ កែលម្អបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតែម្តង៕