38 C
Phnom Penh

សហភាព​អឺរ៉ុប​ចាប់​ដំណើរ​ការ​ដែល​អាច​ឈាន​ទៅ​ដល់​ការ​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ពី​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈ​កម្មការ​សហ​ភាព​អឺរ៉ុប​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ឲ្យ​ដឹង​ថា​​ខ្លួន​ចាប់​ផ្តើម​ដំណើរ​ការ​ដែល​អាច​ឈាន​ទៅ​រក​ការ​ផ្អាក​ប្រព័ន្ធ​អនុ​គ្រោះ​​ពន្ធ​លើ​ផលិត​ផល​គ្រប់​ប្រភេទ​លើក​លែង​តែ​អាវុធ​ឬ​EBA​ពី​កម្ពុជា​ជា​បណ្តោះ​អាសន្ន​សិន។​សហភាព​អឺរ៉ុប​អះអាង​ថា​EBA​អាច​ដក​ទាំង​ស្រុង​ពី​កម្ពុជា​តែ​ម្តង​ ប្រសិន​បើ​កម្ពុជា​បរាជ័យ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ។​

តំណាង​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​បរទេស​និង​ជា​អនុ​ប្រធាន​គណៈ​កម្មការ​អឺរ៉ុប​អ្នកស្រី​Federica​Mogherini​បាន​មាន​ប្រសាសន៍​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​គណៈ​កម្មការ​សហ​ភាព​អឺរ៉ុប​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​​ក្នុង​រយៈ​ពេល​ដប់​ប្រាំបីខែ​​ចុង​ក្រោយ​នេះ​សហភាព​អឺរ៉ុប​សង្កេត​ឃើញ​ថា​ លទ្ធិ​ប្រជា​ធិបតេយ្យ​ការ​គោរព​សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ​នៅ​កម្ពុជា​កាន់តែ​លិច​លង់​ទៅៗ។​អ្នកស្រី​បន្ត​ថា​កាលពី​ខែ​កុម្ភៈ​ឆ្នាំ២០១៨​​កន្លង​ទៅ​រដ្ឋមន្រ្តី​ការ​បរទេស​របស់​សហ​ភាព​អឺរ៉ុប​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​វិវឌ្ឍ​នៃ​ស្ថាន​ភាព​ទាំង​នេះ​​ហើយ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ អាជ្ញាធរ​កម្ពុជា​បាន​ដោះ​លែង​អ្នក​នយោបាយ​សកម្ម​ជន​សិទ្ធិ​មនុស្ស​អ្នក​កាសែត​និង​បាន​ដោះស្រាយ​នូវ​ការ​រឹតត្បិត​មួយ​ចំនួន​លើ​សង្គម​ស៊ីវិល​និង​សកម្ម​ភាព​របស់​សហជីព។​ក៏ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​នៅ​មាន​មន្ទិល​សង្ស័យ​ជាច្រើន​ចំពោះ​ភាព​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ដោះស្រាយ​បញ្ហា​EBA។​

អ្នកស្រី​Federica​Mogherini​អះអាង​ថា​ ក្នុង​នាម​ជា​សហភាព​អឺរ៉ុប​អ្នកស្រី​ប្តេជ្ញា​នូវ​ភាព​ជាដៃ​គូ​ជាមួយ​កម្ពុជា​ដើម្បី​ការ​រីក​ចម្រើន​របស់​ប្រជាជន​កម្ពុជា​ហើយ​ថា​ ការ​គាំទ្រ​របស់​សហភាព​អឺរ៉ុប​អាច​ធ្វើទៅ​បាន​លុះត្រា​តែ​កម្ពុជា​គោរព​លទ្ធិ​ប្រជា​ធិបតេយ្យ​និង សិទិ្ធ មនុស្ស​ដែល​ជា​បេះដូង​នៃ​ភាព​ជាដៃ​គូ​នេះ។​

ចំណែក​អ្នកស្រី​Cecilia​Malmström​ស្នង​ការ​សហ​ភាព​អឺរ៉ុប​ទទួល​បន្ទុក​ពាណិជ្ជ​កម្ម​មាន​ប្រសាសន៍​ថា ​«វាគួរ​តែច្បាស់​ទៅ​ហើយ​​ថា​ វិធាន​ការ​នៅពេល​នេះ​មិនមែន​ជា​ការ​សម្រេច​ចុង​ក្រោយ​ទេ​ ហើយ​ក៏​មិនមែន​ជា​ទី​បញ្ចប់​នៃ​ដំណើរ​ការ​នោះ​ដែរ​ប៉ុន្តែ​នាឡិកា​កំពុង​ដំណើរ​ការ​ដក​​EBA​បាន​ចាប់​ផ្តើម​ជា​ផ្លូវការ​ហើយ​សហ​ភាព​អឺរ៉ុប​នឹង​មាន​សកម្ម​ភាព​ជាក់ស្តែង​នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ។​

អ្នកស្រី​បន្ត​ថា​នៅពេល​នេះ​សហគមន៍​អឺរ៉ុប​ចាប់​ផ្តើម​ដំណើរ​ការ​វាយ​តម្លៃ​អំពី​ស្ថាន​ការណ៍​របស់​កម្ពុជា​ក្នុង​រយៈ​ពេល​៦​ខែ​ហើយ​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ចូលរួ​មយ៉ាង​ពេញ​លេញ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ដើម្បី​ស្វែង​រក​វិធី​ដោះស្រាយ​បញ្ហា​ទាំង​នេះ។​

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ​ឥសាន​បាន​ប្រាប់​សារ​ព័ត៌មាន​The Cambodia Daily ថា​កម្ពុជា​មិន​អាច​ហាម​ឃាត់​មិន​ឲ្យ​សហភាព​អឺរ៉ុប​ដក​EBA​ចេញ​ពី​កម្ពុជា​នោះ​ទេ​ហើយ​ថា ​ការ​ដក​EBA​ចេញ​ពី​កម្ពុជា​ជា​សិទ្ធិ​របស់​ពួក​គេ។​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​អះអាង​ថា​ កម្ពុជា​មិន​អាច​លក់​អធិប​តេយ្យជាតិ​របស់​ខ្លួន​ដើម្បី​ដោះដូរ​ជាមួយ​EBA​នោះ​ឡើយ។​

កន្លង​មក​សហភាព​អឺរ៉ុប​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​លក្ខ​ខណ្ឌ​៥​ចំណុច ​ប្រសិន​បើ​ខ្លួន​មិន​ចង់​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ទេ​នោះ។​លក្ខខណ្ឌ​ទាំង​ប្រាំ​ចំណុច​នោះរួម​មាន​ដោះលែង​លោក​កឹម សុខា​ស្តារ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​រូប​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ព្រម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​អាច​ដំណើរ​ការ​ឡើង​វិញ​និង​ផ្តល់​តំណែង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥​ពាន់​៧​នាក់​ដែល​មាន​មេ​ឃុំ​និង​ចៅ​សង្កាត់​ចំនួន​៤៨៩​នាក់៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស