30.1 C
Phnom Penh

លោក ជា មុនី ប្រឈម​​នឹង​ការ​សាក​សួរ​ដោយ​តុលាការ​ជុំ​វិញ​​កូដកម្ម​របស់កម្ម​ករ​កាត់ដេរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សហជីព​បាននិយាយថាកាលពី​ម្សិល​​​មិញ​ សាលា​ដំបូង​ខេត្តកំពង់​ឆ្នាំងបាន​សាក​សួរលោកជាមុនី​ ប្រធាន​សហជីព​សេរី​កម្មករ​ជុំ​វិញ​ការ​ចោទ​ប្រកាន់​លោក​​​ពី​បទ​ញុះ​ញង់កម្មករ​ ដែល​ត្រូវ​បាន​ប្តឹង​ដោយ​រោង​ចក្រ​កាត់ដេរ​មួយ​របស់ក្រុម​ហ៊ុន M&V International Manufacturing Ltd។

លោកជាមុនីបាន​មាន​ប្រ​សាសន៍​​ថាសាលា​​ដំបូង​បានសាក​សួរ​រូបលោកនិងអ្នក​​​តំណាង​សហជីព​សេរីកម្មករ​ពីររូប​ផ្សេង​ទៀតគឺលោក ម៉ាន់សេងហាក់ និងលោកឃឹមចំណានដែលត្រូវរោង​​​ចក្រ​​​កាត់ដេរ​ M&V ចោទ​ប្រ​កាន់​ពីបទញុះញង់បទប៉ុនប៉ង​ធ្វើឲ្យខូចខាត​ផលប្រយោជន៍​ និងបទ​ដឹក​នាំ​កូដកម្ម​​ខុសច្បាប់​​មួយ​កាល​ពី​​ខែតុលា។​

លោកជាមុនី ​បានបន្តថា​ “​ការចោទ​ប្រកាន់​ទាំង​​នេះ​គឺមិនត្រឹមត្រូវ​ទេ”។លោក​បាន​បដិ​​​សេធថាលោក​មិនបាន​ញុះញង់​កម្មករ​កម្ម​ការិនី​ឲ្យ​ធ្វើ​កូដ​កម្ម​នោះ​​​ឡើយ​​​ហើយ​បាន​មាន​​​​ប្រ​សាសន៍ថាក្រុម​ហ៊ុន​ប្តឹងរូប​លោក​គឺខុសហើយ។​

លោក​បាន​មាន​ប្រ​សាសន៍ថា“កម្ម​ករកម្មការិនី​​​បាន​ធ្វើ​កូដ​កម្ម​នោះ​ដោយ​ខ្លួនឯងពីព្រោះ​ពួកគេ​មិនពេញចិត្ត​​នឹង​ថៅកែ​រោង​​​ចក្រដែល​តែងតែ​រំលោភ​សិទ្ធិ​កម្ម​ករ។​វា​ជា​ពាក្យ​បណ្តឹង​​មួល​បង្កាច់​ការ​ពិត”។​ លោកសេង​ហាក់ ​បាន​មាន​ប្រសា​សន៍​​ថា“ខ្ញុំគិតថាក្រុមហ៊ុន​នេះ​ដាក់​ពាក្យ​​ប្តឹង​​​ពួក​​​យើងដោយ​សារ​តែ​​ពួកគេ​មានបំណង​គំរាម​កំហែង​សេរីភាព​​នៃ​ការ​បញ្ចេញ​មតិនិងសិទ្ធិដែល​មានចែង​ក្នុងច្បាប់”។

លោក​បានបន្ត​ថា“យើង​យល់ថាវាគឺ​ជា​​​ការ​ព្រមាន​​​មួយ​មកលើ​សហជីព​របស់​យើងដែលតែងតែទាមទារ​សិទ្ធិ​សេរីភាព​​ជូន​កម្មករ ​កុំឲ្យមានការ​គាបសង្កត់និង​ការកេងប្រវ័ញ្ចពី​សំណាក់​ក្រុមហ៊ុន ​និង​ដោយ​សារ​តែ​ពួកគេ​ចង់​បញ្ឈប់​ពួកយើង​មិនឲ្យ​ប្រឆាំង​នឹង​​​ពួកគេ”។

លោកយិនណាក់ប្រធាន​រដ្ឋបាល​​នៅ​រោង​ចក្រ​ ​M&V បាននិយាយថាលោក​បាន​​​ដាក់ពាក្យ​បណ្តឹង​នេះ​​ជួស​មុខ​ឲ្យលោកស៊ីជីន ​ជា​ជាតិ​ចិនដែល​ជា​ថៅកែ​រោង​ចក្រ​នេះ​កាលពីថ្ងៃទី២៤ខែតុលា។លោក​​​បានអះអាង​​​ថាលោកជាមុនី​ និង​អ្នក​ក្រោម​បង្គាប់​របស់​​​លោកបាន​ញុះ​ញង់​ឲ្យកម្មករ​ធ្វើកូដកម្ម​​​កាល​ពី​ចន្លោះ​​ថ្ងៃទី៥ដល់​ថ្ងៃទី១០ខែ​តុលា​ ដែល​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាតបង់​ប្រាក់​ចំណូល​ជាច្រើន។

លោក​ យិនណាក់ ​បានបន្តថា“ថៅកែ​រោងចក្រ​ទាមទារ​សំណង​ចំនួន​ ៨៥០.០០០​ដុល្លា​រពី​ពួកគេ​។​ សូមតុលា​ការ​​​ផ្តន្ទា​ទោស​ពួកគេ​ទៅតាម​ច្បាប់”។​ លោកបាន​បន្ថែម​ថាលោកជាមុនី​ និង​​អ្នក​ក្រោម​បង្គាប់​របស់គាត់​ត្រូវតែ​ទទួល​ខុល​ត្រូវ​ក្នុង​រឿងនេះពីព្រោះ​​​ពួកគេបានបិទទ្វាររោងចក្រអំឡុងពេល​ធ្វើ​កូដកម្ម​នោះ ​ដោយ​ធ្វើ​ឲ្យ​ទំនិញ​​មិនអាច​ចេញក្រៅ​​​បាន។​ លោកអ៊ូផាតព្រះរាជាអាជ្ញារងអម​សាលា​​​​ដំបូង​ខេត្តកំពង់ឆ្នាំងដែល​​ទទួល​បន្ទុក​​លើ​សំណុំ​រឿង​នេះមិនអាច​ទាក់ទង​សុំការ​​​បំភ្លឺ​​​បានទេ។​

លោក​ព្រះ​រាជអាជ្ញាពេញ ​វិបុលបាន​មាន​ប្រ​សាសន៍​​ថាលោក​មិន​ដឹងពី​សេច​ក្តី​លម្អិត​នៃ​សំណុំ​​រឿងនេះទេប៉ុន្តែលោក​បាន​បញ្ចាក់​ថាក្រុមហ៊ុន ​M&V ពិត​ជា​បាន​ដាក់​​​ពាក្យបណ្តឹង​មែន​៕

ប្រែ​សម្រួល​ដោយស៊ាស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស